Tuesday, November 26, 2024
Homeព័ត៌មានជាតិឪបង្កើតរំលោភកូនស្រី៤ដង នាំទៅប្តឹង បង្គាប់ឱ្យចោទអ្នកផ្សេង

ឪបង្កើតរំលោភកូនស្រី៤ដង នាំទៅប្តឹង បង្គាប់ឱ្យចោទអ្នកផ្សេង

ខេត្តសៀមរាប ៖ បុរសម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនដែលស្ថិតក្នុងវ័យជាអនីតិជន បានសម្រេចជាបន្តបន្ទាប់ សរុប ៤ដង លុះក្រោយមក ក៏បែកគំនិតនាំកូនស្រីទៅប្តឹងប៉ូលិស ដោយបង្គាប់ឱ្យកូនស្រីចោទប្រកាន់ទៅលើអ្នកផ្សេង ចំនួន២នាក់ ហើយបើមិនព្រមនិយាយតាមទេ គំរាមសម្លាប់កូនស្រីចោល ទីបំផុតក្រោយពីសមត្ថកិច្ចបើកការស៊ើបអង្កេត ក៏បែកធ្លាយការពិត ដឹងថាតាមពិតឪពុកបង្កើត ជាអ្នកចាប់រំលោភកូនស្រីខ្លួនឯង ទើបចាប់វាយខ្នោះជនសង្ស័យជាឪពុក នាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងនេះ បានកើតឡើងចុងក្រោយ នៅវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវ វែកមុខជនសង្ស័យឃើញថា ជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏ចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ឆ ឆុំ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឆ ឆុំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯង (ក្មេងស្រីរងគ្រោះ) ជាបន្តបន្ទាប់ បានសម្រេចដល់ទៅ ៤លើក ដោយលើកចុងក្រោយ បានប្រព្រឹត្តនៅផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។ ក្រោយមក ដោយខ្លាចបែកការ នាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងទោសទណ្ឌ ទើបជនសង្ស័យជាឪពុក បានបែកគំនិតនាំកូនស្រី (ក្មេងស្រីរងគ្រោះ) ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែមុននាំកូនស្រីទៅប្តឹង ជនសង្ស័យជាឪពុក បានបង្គាប់កូនស្រី ឱ្យចោទប្រកាន់ទៅលើអ្នកផ្សេង ចំនួន២នាក់ ថាបានចាប់រំលោភនាង ដោយសម្លុតគំរាមថា បើកូនស្រី មិនព្រមធ្វើតាមសម្តីរបស់ខ្លួនទេនោះ ខ្លួននឹងសម្លាប់ចោល ទើបធ្វើឱ្យកូនស្រី មានការភ័យខ្លាច ព្រមធ្វើតាមបង្គាប់បញ្ជារបស់ឪពុក។

ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យជាឪពុក បាននាំកូនស្រីរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដោយពេលនោះ ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មានមនុស្សប្រុស ចំនួន២នាក់ បានចាប់រំលោភនាង។

 បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ និងសាកសួរក្មេងស្រីរងគ្រោះ រហូតដល់បែកធ្លាយការពិត ដោយក្មេងស្រីរងគ្រោះ បានទម្លាយថា តាមពិត រូបនាងត្រូវបានឪពុកបង្កើត ជាអ្នកចាប់រំលោភ តែគាត់បាននាំនាងមកប្តឹងប៉ូលិស រួចបង្គាប់ឱ្យចោទទៅលើមនុស្សផ្សេង ២នាក់ ថាជាអ្នកចាប់រំលោភទៅវិញ បើមិននិយាយប្រាប់សមត្ថកិច្ចតាមសម្តីគាត់ប្រាប់ទេ នោះឪពុកនឹងវាយសម្លាប់នាង (ក្មេងស្រីរងគ្រោះ) ចោលមិនខាន។

ក្រោយពីទទួលបានការបំភ្លឺពីជនរងគ្រោះ ទើបសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យ ជាឪពុក ដើម្បីសាកសួរ និងត្រូវបានជនសង្ស័យ ព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ជាកូនបង្កើតខ្លួនឯងប្រាកដមែន ប៉ុន្តែដោយសារខ្លាចជាប់គុក ទើបនឹកឃើញវិធីបង្គាប់កូនស្រី ឱ្យឆ្លើយចោទប្រកាន់ទៅលើមនុស្ស ២នាក់ផ្សេង ជាអ្នករំលោភទៅវិញ។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES