ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ឈរបង់សំណាញ់នៅខ្នងទំនប់បារាំង ស្រាប់តែអកុសល បានរអិលជើងធ្លាក់ចូលក្នុងទឹក ដែលកំពុងហូរកួច បណ្តាលឱ្យចរន្តទឹកហូរកួចយកទៅបាត់។
ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារនៅមិនទាន់រកឃើញសពជនរងគ្រោះនៅឡើយ។
បុរសរងគ្រោះ មានឈ្មោះអួន អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានឈរបង់សំណាញ់ នៅត្រង់ចំណុចលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែក្រោយមក បានរអិលជើងធ្លាក់ចូលក្នុងចរន្តទឹកហូរកួចខ្លាំង ធ្វើឱ្យបាត់ខ្លួនតែម្តង។
មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រោយពេលកើតហេតុ នៅមិនទាន់រកឃើញសពជនរងគ្រោះនៅឡើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះ កំពុងបន្តស្វែងរក ប៉ុន្តែពុំមាននរណាម្នាក់ហ៊ានចុះទឹករាវរកជនគ្រោះឡើយ ព្រោះស្ថានភាពទឹកហូរកួចខ្លាំង។ ចំណែកក្រុមគ្រួសារជនរងគ្រោះ បានរង់ចាំមើលសពជនរងគ្រោះ នៅចំណុចស្ពានឈើឆ្លងទៅភូមិកណ្តាល ដែលជាកន្លែងចុងខ្សែទឹកហូរចម្ងាយពីកន្លែងកើតហេតុ ប្រមាណជាង ៣០០ម៉ែត្រ៕