Monday, May 20, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ចោទមានសហាយ ប្តីសំពងក្បាលប្រពន្ធ ៣ទីប

ភ្លើងប្រចណ្ឌ ចោទមានសហាយ ប្តីសំពងក្បាលប្រពន្ធ ៣ទីប

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សញៀនថ្នាំ តែងប្រើប្រាស់គ្រឿងញៀន ជាប្រចាំ លុះចុងក្រោយ នៅពេលទើបនឹងត្រឡប់មកពីជក់ថ្នាំញៀនវិញ ក៏បង្ករឿងឈ្លោះប្រកែក ប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថា បានលួចលាក់សហាយស្មន់ជាមួយប្រុសផ្សេង ទោះជាប្រពន្ធប្រឹងពន្យល់បកស្រាយយ៉ាងណាក៏មិនខ្ចីស្តាប់ បែរជាស្ទុះទៅទាញបំពង់ទីប សំពងក្បាលប្រពន្ធ ចំនួន៣បំពង់ទីប បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ ៣បំពង់ទីប ចោទមានសហាយនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ស្ត្រីរងគ្រោះជាប្រពន្ធ ដែលត្រូវប្តីវាយនឹងបំពង់ទីប បណ្តាលឱ្យរយះក្បាល មានឈ្មោះ ផន វណ្ណា អាយុ៣១ឆ្នាំ (រងរបួសរយះចំពីលើក្បាល)។ ចំណែកជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផុន ស៊ីណាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ រីឯវត្ថុតាងចាប់យក បំពង់ទីប ចំនួន១ ប្រវែង ១ម៉ែត្រ (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាប្តីខាងលើ គឺជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយក្រោយពីប្រើប្រាស់ថ្នាំញៀនរួច តែងតែរករឿងអុកឡុកជនរងគ្រោះជាប្រពន្ធ សឹងតែរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ ពេលដែលជនរងគ្រោះជាប្រពន្ធ កំពុងតែនៅលាងចាន និងដាំបាយ នៅផ្ទះបាយ ជនសង្ស័យមិនដឹងទើបមកពីជក់ថ្នាំនៅឯណា ក៏មកដល់ រួចឡើងលើផ្ទះបាត់ទៅ។ បានមួយសន្ទុះក្រោយមក ក៏ស្រែកសួរស្ត្រីរងគ្រោះជាប្រពន្ធថា ទើបមកពីណា? ដោយប្រើពាក្យសំដីមិនសមរម្យទៅកាន់ជនរងគ្រោះជាប្រពន្ធទៀតផង។ បន្ទាប់មក ជនសង្ស័យ បានហៅជនរងគ្រោះ ឱ្យឡើងទៅលើផ្ទះ រួចចោទប្រកាន់ថា ជនរងគ្រោះលួចមានប្រុសសហាយ។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ជាមួយជនរងគ្រោះ ពេលនោះ ជនសង្ស័យបានយកបំពង់ទីប ប្រវែង១ម៉ែត្រ មកវាយជនរងគ្រោះ ចំក្បាល ចំនួន៣ទីប បណ្តាលឱ្យបែករយះចេញឈាមតែម្តង។

ក្រោយកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ជួយចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយស្ត្រីរងគ្រោះ ជាប្រពន្ធ ប្រាកដមែន មូលហេតុដោយសារភ្លើងប្រចណ្ឌ។

ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES