ខេត្តតាកែវ ៖ បុរសម្នាក់ ស្ថិតក្នុងអាការវង្វេងស្មារតី (បែកថ្នាំ) បានកាន់កាំបិត ចូលទៅក្នុងកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពគ្រវីកាំបិត និងស្រែកគំរាមគេឯងគ្រប់គ្នា ធ្វើឱ្យភ្ញៀវ និងបុគ្គលិកកាស៊ីណូ ភិតភ័យព្រលឹងចុងសក់ នាំគ្នារត់ចេញ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះ មកជួយអន្តរាគមន៍ ចាប់វាយខ្នោះបុរសខាងលើភ្លាមៗ ស្រាប់តែក្រោយពេលជាប់ខ្នោះ បុរសរូបនោះបែរជាទ្រហោយំសុំរួចខ្លួនទៅវិញ។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងកាស៊ីណូ ថប ដាយអីម៉ិន មានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ក្នុងស្រុកគិរីវង់។
ជនសង្ស័យដែលធ្វើសកម្មភាពគ្រវីកាំបិតក្នុងកាស៊ីណូ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ិច សុខសាន្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងពិដោរ ឃុំព្រៃរំដេង ស្រុកគិរីវង់។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះយោក សាម៉ីត ភេទប្រុស អាយុ៤៤ឆ្នាំ ជាប្រធានគ្រប់គ្រងទូទៅនៅកាស៊ីណូ ថប ដាយអឹម៉ិន មានលំនៅ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ បានរាយការណ៍មកថា មានជនបែកថ្នាំញៀនម្នាក់ បានប្រើកាំបិតគ្រវីគំរាមថានឹងសម្លាប់ភ្ញៀវដែលកំពុងអង្គុយលេងល្បែងក្នុងកាស៊ីណូ។
ក្រោយពីទទួលពាក្យបណ្តឹងភ្លាម ពេលនោះសមត្ថកិច្ចក៏បានចុះទៅដល់ និងបានចាប់ជនញៀនថ្នាំនោះ យកទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីបន្តនីតិវិធី ។
យ៉ាងណា នៅក្នុងហេតុការណ៍ខាងលើ មិនបង្កឱ្យមានអ្នកណារងគ្រោះថ្នាក់ ឬរងរបួសនោះឡើយ គ្រាន់តែបង្កឱ្យមានការភ័យខ្លាច ព្រលឹងចុងសក់គ្រប់គ្នា មិនថាតែក្រុមភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូនោះទេ សូម្បីតែបុគ្គលិក ក៏នាំគ្នារត់គេចបាតជើងសព្រាតដែរ។ ដោយឡែក ជនញៀនថ្នាំខាងលើ នៅពេលសមត្ថកិច្ចចាប់ខ្លួន ស្រាប់តែលែងក្លាហានដូចមុន គិតតែពីស្រែកទ្រហោយំ សុំរួចខ្លួន៕