Wednesday, November 27, 2024
Homeព័ត៌មានជាតិក្មេងស្រីធ្លាក់ទឹក២ថ្ងៃ ទើបរកសពឃើញ

ក្មេងស្រីធ្លាក់ទឹក២ថ្ងៃ ទើបរកសពឃើញ

ខេត្តកំពង់ធំ ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ ក្នុងចំណោម ២នាក់ ដែលចុះតាមជណ្តើរមាត់ស្ទឹងសែន បំណងលាងដៃ បែរជារអិលជើងធ្លាក់ចូលទឹកស្ទឹង បាត់ខ្លួនអស់តាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នោះ ទីបំផុតសពបានអណ្តែតលើផ្ទៃទឹកស្ទឹងសែន កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចរបាំងទឹកមួយកន្លែង មុខមន្ទីរសាធារណការនិងដឹងជញ្ជូនខេត្តកំពង់ធំ ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

សពក្មេងស្រីរងគ្រោះ មានឈ្មោះធឿន សុខរក្សា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង មានឪពុកឈ្មោះហុង ថុល និងម្តាយឈ្មោះខេង គឹមលាន (គ្រូបង្រៀន) និងមានលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងកំពង់ធំ។

គួររំលឹកថា កាលពីវេលាម៉ោង ១២និង១៤នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចម្តុំពោងទឹក ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដោយក្មេងស្រីជាសិស្សសាលា ២នាក់ បាននាំគ្នាអង្គុយលេងក្បែរមាត់ស្ទឹងសែន រួចក៏នាំគ្នាចុះតាមជណ្តើរមាត់ស្ទឹងសែន ដើម្បីលាងដៃ ដោយមិនបានប្រុងប្រយ័ត្ន ក៏រអិលជើងធ្លាក់ចូលទឹកស្ទឹង ទាំង២នាក់ តែបានអ្នកក្បែរនោះឃើញ ក៏ជួយសង្គ្រោះទាន់ពេលបានកុមារីម្នាក់ តែម្នាក់ទៀត បានលិចបាត់ខ្លួនក្នុងទឹក។ 

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងស្រី២នាក់ ជាសិស្សសាលាក្រុងស្ទឹងសែន បានចុះលាងដៃ នៅមាត់ទឹក តែដោយសារនៅចំណុចនោះ មានទឹកហូរខ្លាំង បណ្តាលឱ្យក្មេងទាំងស្រីទាំង ២នាក់ ធ្លាក់ទឹក លង់តែម្តង។

លោកគឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលចុះលាងដៃ និងបានរអិលជើងធ្លាក់ចូលទឹកនោះ  ទី១-ឈ្មោះរ៉ុម វណ្ណដារី  អាយុ៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង មានម្តាយឈ្មោះហ៊ាន វេងដែន រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន (ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល)។ ដោយឡែក ក្មេងស្រីទី២-ឈ្មោះធឿន សុខរក្សា អាយុ១០ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង មានឪពុកឈ្មោះហុង ថុល និងម្តាយឈ្មោះខេង គឹមលាន (គ្រូបង្រៀន) និងមានលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងកំពង់ធំ បានលិចក្នុងទឹកបាត់ខ្លួន។

លោកអធិការ បន្តថា ក្រោយពីទទួលបានព័ត៌មានថា មានករណីក្មេងស្រីសិស្សសាលាធ្លាក់ចូលទឹកស្ទឹងសែន បាត់ខ្លួនភ្លាម លោកបានបញ្ជាឱ្យកងកម្លាំងជាច្រើននាក់ ចេញទូក កាណូត តាមស្វែងរកក្មេងស្រីរងគ្រោះភ្លាមៗដែរ តែរកមិនឃើញសោះ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ទើបប្រទះឃើញសពក្មេងស្រីរងគ្រោះ បានអណ្តែតឡើងលើផ្ទៃទឹកស្ទឹងសែន ត្រង់ចំណុចរបាំងទឹកមួយកន្លែង មុខមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES