ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍ថ្មីមួយ ដើម្បីជាមេរៀន និងជាការក្រើនរំលឹកប្រជាពលរដ្ឋទូទៅ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនសង្ស័យ បានប្រើល្បិចឆបោកថ្មីៗ ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញយុត្តិធម៌ នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមពាក្យបណ្តឹងរបស់ជនរង គ្រោះ ដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុមួយកន្លែង មានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ បានបញ្ជាក់ថា ៖ ថ្មីៗនេះ ខ្ញុំបាទទើបតែទទួលបានព័ត៌មាននិងឯកសារថតចម្លងពីបុគ្គលផ្សេងទៀត បង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្ញុំបាទ ត្រូវបានផ្ទេរចេញទៅឈ្មោះឈឿង ច័ន្ទពិសិដ្ឋ និងឈ្មោះទុំ ដាឡែន ទៅវិញ ដែលការពិត ដីនេះគឺខ្ញុំបាទពុំធ្លាប់ដែរបានលក់ដូរ ឬធ្វើការចាត់ចែងណាមួយទៅតតិយជននៅឡើយទេ…”។
លោកអេង ហ៊ី បានបញ្ជាក់បន្ថែមថា “ក្រោយពីធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក និងធ្វើសេចក្តីរាយការណ៍ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាមដីកាបញ្ជា ឱ្យចូល ខ្លួនលេខ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២…”៕