ខេត្តប៉ៃលិន ៖ ហ្វូងគោចំនួន ៤ក្បាល ដែលត្រូវបានម្ចាស់លែងឱ្យដើរស៊ីស្មៅ នៅលើដីវាលមួយកន្លែងសុខៗ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យងាប់អស់គ្មានសល់ ជាហេតុធ្វើឱ្យបុរសចំណាស់ជាម្ចាស់គោ យំស្តាយយ៉ាងខ្លាំង ខណៈដែលគោទាំង ៤ក្បាល ត្រូវបានគាត់ចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា ចិញ្ចឹមមើលថែ ទុកគ្រាន់ដោះទ័ល ស្រាប់តែអកុសល បែរជាត្រូវរន្ទះបាញ់ងាប់អស់។
ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ម្ចាស់សត្វគោទាំង ៤ក្បាល ដែលត្រូវរន្ទះបាញ់ងាប់នោះ មានឈ្មោះឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិខាងលើ។
តាមសម្តីលោកតា ជាម្ចាស់គោ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានខិតខំប្រឹងប្រែងសន្សំថវិកា យកទៅទិញគោមេ ១ក្បាល និងគោឈ្មោល ១ក្បាល កាលពីប៉ុន្មានឆ្នាំមុន លុះមេគោកើតកូនមកជាបន្តបន្ទាប់ សរុបទាំងអស់ បានចំនួន៤ក្បាល ដែលធ្វើឱ្យគាត់សប្បាយរីករាយ ក្នុងថែទាំសត្វគោទាំងអស់នេះ ដោយមិនគិតពីភាពនឿយហត់ ព្រោះសង្ឃឹមថា នៅពេលមានការខ្វះខាត គាត់នឹងលក់សត្វគោមួយចំនួន យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកតាម្ចាស់គោ បន្តទាំងអួលដើមកថា ជារៀងរាល់ថ្ងៃ គាត់តែងដឹកសត្វគោ យកទៅចងឱ្យស៊ីស្មៅ នៅតាមដីចម្ការអ្នកភូមិ ដូចធម្មតា ទោះបីជាពេលខ្លះមានភ្លៀងធ្លាក់ខ្លាំង ពេលខ្លះទៀតមានភ្លៀងរលឹមតិចៗ ក៏មិនមានបញ្ហាអ្វីនោះដែរ លុះដល់រសៀលថ្ងៃកើតហេតុ ស្រាប់តែ មានភ្លៀងលាយរន្ទះបាញ់ ទៅលើសត្វគោរបស់គាត់ បណ្តាលឱ្យងាប់អស់រលីងតែម្តង។
ជាមួយគ្នានេះដែរ នគរបាលអធិការស្រុកសាលាក្រៅ សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសត្វគោ ក្របី យកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ អំពីបាតុភូតធម្មជាតិ ដែលកើតឡើងយូរៗម្តង បង្កជារន្ទះ ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើមហើយត្រូវរកកន្លែងជ្រកដែលមានសុវត្ថិភាពបំផុត ក្នុងពេលមានភ្លៀងធ្លាក់ម្តងៗ៕