ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលបានឈរបង់សំណាញ់ រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលកំពុងហូរកួចត្របាញ់ បណ្តាលឱ្យចរន្តទឹកហូរកួចយកទៅបាត់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នោះ ត្រូវបានប្រទះឃើញសពអណ្តែតទឹកហើយ កាលពីវេលាព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិចុងកោះ ដែលមានចម្ងាយជិត ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
សពបុរសរងគ្រោះ មានឈ្មោះអួន អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
គួរបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ ទើបនឹងហូបស្រារួច ក៏បានមកសំណាញ់នៅខ្នងទំនប់បារាំង ដែលខ្លួនមិនដែលមកទីនេះសោះ ចៃដន្យក៏ជួបគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។
បន្ទាប់ពីទទួលព័ត៌មានជុំវិញបុរសម្នាក់បានរអិលធ្លាក់ទឹក និងត្រូវទឹកកួចយកទៅបាត់ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានជួលប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ដែលមានជំនាញខាងមុជទឹក ចុះមុជរាវរកសពជនរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកហូរកួចខ្លាំង ចំណុចទំនប់បារាំង យ៉ាងសស្រាកសស្រាំផងដែរ។ រហូតមកដល់ព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបប្រទះឃើញសពជនរងគ្រោះ អណ្តែតទឹក នៅចម្ងាយពីទីតាំងកើតហេតុ ប្រមាណ ២គីឡូម៉ែត្រ។
សពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕