Wednesday, November 27, 2024
Homeព័ត៌មានជាតិចេញពីគុកលើកទី៣ លួចស្រាបៀរ៣កេស

ចេញពីគុកលើកទី៣ លួចស្រាបៀរ៣កេស

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ៣ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីលួច និងហិង្សា លុះទើបនឹងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បានធ្វើសកម្មភាពលួចស្រាបៀរ ចំនួន៣កេស និងកំពុងជិះកង់ដឹកតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចស្រាបៀរ ចំនួន ៣កេសនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគាន រ៉ុង ហៅ អោប រ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាមុខសញ្ញាចាស់ទើបនឹងចេញពីពន្ធនាគារលើកទី៣)។

លោកឆាយ ខេមរដ្ឋ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល កំពុងចុះល្បាតតាមគោលដៅមួយចំនួន ក្នុងក្រុងកំពង់ឆ្នាំង ក៏បានប្រទះឃើញមុខសញ្ញាចាស់ ឈ្មោះគាន រ៉ុង ហៅអោប រ៉ុង កំពុងជិះកង់ដឹកអីវ៉ាន់សំពីងសំពោង គ្របជិតឈឹង។

លោកអធិការ បន្តថា ដោយឃើញដូចនេះ ធ្វើឱ្យមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ ដើម្បីសាកសួរ ទើបដឹងថា អីវ៉ាន់នោះ គឺជាស្រាបៀរ ចំនួន៣កេស ដែលជនសង្ស័យរូបនេះបានលួចពីហាងមួយកន្លែង នៅម្តុំទួលអម្ពិល។

ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើតេស្តទឹកនោម រកសារធាតុញៀន ជាលទ្ធផល គឺជនសង្ស័យមានផ្ទុកសារធាតុញៀន មួយករណីទៀត។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះគាន រ៉ុង ហៅអោប រ៉ុង គឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើករួចមកហើយ  ក្នុងករណីលួច និងករណីហិង្សា។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES