ខេត្តព្រះសីហនុ ៖ នាយកសាលាមួយ ក្នុងខេត្តព្រះសីហនុ បានសម្រេចហៅជាងកាត់សក់ មកកាត់សក់ឱ្យសិស្ស ប្រុសៗក្នុងសាលាទាំងអស់ ដើម្បីទទួលបានម៉ូដតែមួយ។
យោងតាមការបញ្ជាក់ពីមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា “លោកនាយកវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុស ដល់សាលារៀន ដើម្បីឱ្យសិស្សមានគំរូម៉ូដសក់ដូចៗគ្នា…”។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានបន្តថា “សូមអរគុណ និងកោតសរសើរដល់គណៈនាយក និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់រៀបចំផែនការផ្សព្វផ្សាយ អនុវត្តតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយកន្លងមក និងសូមពង្រឹង អនុវត្តបន្តទៀត…”៕