Wednesday, November 27, 2024
Homeព័ត៌មានជាតិប្តីធាក់ផ្ទប់ជញ្ជាំង ប្រពន្ធប្តឹងសុំលែង

ប្តីធាក់ផ្ទប់ជញ្ជាំង ប្រពន្ធប្តឹងសុំលែង

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ឲ្យតែស្រវឹងស្រា ឬបែកថ្នាំម្តងៗ តែងបង្ករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាវាយដំប្រពន្ធមិនស្វាង ទោះជាកន្លងមក ធ្លាប់ត្រូវបានសមត្ថកិច្ចនាំយកទៅអប់រំជាច្រើនលើកច្រើនសាក្តី ក៏នៅមិនកែចរិត ទីបំផុតក្រោយពេលវាយដំធាក់ប្រពន្ធផ្ទប់ជញ្ជាំង រួចគំរាមសម្លាប់ ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីកំណាចនាំយកទៅចាត់ការតាមច្បាប់ និងស្នើសុំលែងលះគ្នាឱ្យដាច់ស្រេចតែម្តង។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអម្ពិល ស្រុកខ្សាច់កណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសំណាង ស្រីនិត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតឿ ទីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិកើតហេតុខាងលើជាមួយគ្នា។

ប្រភពដដែល បន្តថា កន្លងមក ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន និងផឹកស្រា ជាប្រចាំ លុះផឹកស្រវឹងម្តងៗ ជនសង្ស័យតែងតែឈ្លោះ ជេរប្រមាថនិងប្រើអំពើហិង្សាលើជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអម្ពិល នាំទៅធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាច្រើនលើក ច្រើនសារួចមកហើយ ប៉ុន្តែជននេះហាក់មិនរាងចាល ឬកែប្រែចរិតសោះ។ លុះមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យបានផឹកស្រាស្រវឹង ឡូឡា រករឿងជនរងគ្រោះជាប្រពន្ធ ហើយជនសង្ស័យបានធាក់ប្រពន្ធផ្ទប់ជញ្ជាំងផ្ទះ ធ្វើអំពីសង្ក័សី និងយកកូនធុងទឹក គប់ជញ្ជាំងផ្ទះធ្វើពីស័ង្កសី រួចស្រែកគំរាមថា  “អ្ងែងប្រយ័ត្នឡានពេទ្យមកជួយមិនទាន់!” រួចស្ទុះមកវាយជនរងគ្រោះ តែជនរងគ្រោះបានគេចផុត។ បន្ទាប់មក ជនរងគ្រោះ បានបង្ហោះសារ ព្រមទាំងរូបភាពតាមបណ្តាញសង្គម ហ្វេសប៊ុក ទទូចសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ អនុវត្តទៅតាមផ្លូវច្បាប់ និងសុំលែងលះគ្នាឱ្យបានដាច់ស្រេចផង។

រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអម្ពិល បានចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាល ចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES