ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ចំនួន២ដងរួចមកហើយ តែងបានសម្រេចរហូត លុះលើកទី៣ ក៏ប្តូរមកធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង វិញម្តង ស្រាប់តែត្រូវម្ចាស់គេតាមទាន់ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ ភូមិម្លូម៉ឺន ឃុំផ្សារដែរ ស្រុកពញាឮ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលន លីម ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ វត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ម៉ាក OPPO សំបកពណ៌ខៀវ ចំនួន ១គ្រឿង និងកង់ ចំនួន១គ្រឿង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះសឿន ជីម បានទៅធ្វើការជាកម្មករសំណង់ សាងសង់ចេតីយ៍ នៅក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ ហៅវត្តអ្នកតាសឹង ក្នុងពេលកំពុងធ្វើការ ជនរងគ្រោះបានទុកទូរស័ព្ទដៃរបស់ខ្លួន ម៉ាក OPPO នៅលើបង្កាន់ដៃរបងស្រះទឹក ក្បែរកន្លែងធ្វើការ ក្នុងខណៈពេលនោះ ជនសង្ស័យឈ្មោះលន លីម បានជិះកង់របស់ខ្លួន ចូលទៅធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះ រួចជនសង្ស័យបានទុកកង់ចោលនៅកន្លែងកើតហេតុ យកទូរស័ព្ទទៅលាក់ទុកនៅក្បែរគម្របលូ នៅក្នុងកន្លែងលក់-ទិញដីឡូត៍ ង៉ែត សារ័ត្ន ចម្ងាយ ១០០ម៉ែត្រ ពីកន្លែងកើតហេតុ។ ភ្លាមនោះ ជនរងគ្រោះ និងកម្មករសំណង់ជាមួយគ្នា បានមកទាន់ ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ ទុកនៅកន្លែងកើតហេតុ និងបានរាយការណ៍មកសមត្ថកិច្ច។ បន្ទាប់មក កម្លាំងជំនាញ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូ ចំនួន២លើក លើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះម៉ូតូម៉ាកគុប៥០ សេរីចាស់ ជិះធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋពុំស្គាល់ឈ្មោះ បានចំនួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពុំចាំស្លាកលេខ នៅចំណុចភូមិ ថ្មស ឃុំភ្នំបាត ស្រុកពញាឮ ដែលម្ចាស់ទុកសោជាប់ជាមួយម៉ូតូ នៅមុខផ្ទះ ដោយពេលនោះខ្លួនបានទុកម៉ូតូម៉ាកគុប៥០ សេរីចាស់ ចោលនៅកន្លែងកើតហេតុ។ ពេលធ្វើសកម្មភាពបានហើយ ខ្លួនយកម៉ូតូនោះទៅដូរយកម៉ូតូម៉ាក Icon ពណ៌ខៀវ កាំបន្ទះពណ៌ស ពុំចាំស្លាកលេខ ជាមួយឈ្មោះប៉ោង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លើកទី២ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ខ្លួនបានជិះកង់ទៅធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ពុំស្គាល់ឈ្មោះ ដែលម្ចាស់ពុំបានដកសោចេញពីម៉ូតូទេ ទុកនៅមុខផ្ទះ ចំណុចភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ បានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ គ្មានស្លាកលេខ ពេលលួចបានហើយ ខ្លួនយកម៉ូតូនោះទៅលក់ឱ្យគេ នៅកន្លែងលក់អេតចាយ នៅចំណុចភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រាក់ចំនួន ១២ម៉ឺនរៀល។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕