Wednesday, November 27, 2024
Homeព័ត៌មានជាតិចៅអូន ជួយលក់ថ្នាំញៀនបងតា

ចៅអូន ជួយលក់ថ្នាំញៀនបងតា

ខេត្តតាកែវ ៖ ជនសង្ស័យប្រុសស្រីចំនួន ៣នាក់ (បុរសចំណាស់ម្នាក់ និងស្ត្រី២នាក់) ដែលជាមុខ​សញ្ញាជួញ​ដូរថ្នាំញៀន​យ៉ាងសកម្ម ដោយមានបុរសចំណាស់ជាមេខ្លោង ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ ចាប់ក្របួចបានទាំងយប់ ខណៈដែល​កំពុងធ្វើ​សកម្មភាពជួញដូរ ចែកចាយថ្នាំញៀន។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល របស់ឈ្មោះតា គត់ ស្ថិតក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៨និង២៥នាទី យប់ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចផ្ទះជួលរបស់ឈ្មោះតា គត់ ស្ថិតក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក៏បានឃើញសង្ស័យ២នាក់ ដែលកំពុងធ្វើសកម្មភាព ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះ ទី១-ឈ្មោះស៊ុន វណ្ណ: ហៅម៉ុនថា ភេទប្រុស អាយុ៦២ឆ្នាំ មានលំនៅភូមិតាអូរ ខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ (ជាមុខសញ្ញាជួញដូរ យ៉ាងសកម្ម) និងទី២-ឈ្មោះជា សុភ័ក្ត្រ ហៅកង្កែប ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ (ជាមុខសញ្ញាប្រើប្រាស់) និងដកហូតវត្ថុតាង រួមមានម្សៅក្រាមថ្លាពណ៌ស ចំនួន២កញ្ចប់។

ក្រោយការសួរចម្លើយ នៅវេលាម៉ោង ៩និង០៥នាទីយប់ថ្ងៃដដែល ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ខ្លួនមានបក្ខពួកម្នាក់ទៀត ឈ្មោះទូច ថេត ភេទស្រី អាយុ២៥ឆ្នាំ (ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម) ទើបកម្លាំងសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះទូច ថេត បាននៅចំណុចវាលស្រែ ខាងក្រោយកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ព្រមទាំងដកហូតវត្ថុតាង ទូរស័ព្ទដៃ ចំនួន២គ្រឿង ផងដែរ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES