ខេត្តកណ្តាល ៖ បុរសម្នាក់ ត្អូញមិនស្រួលខ្លួន តែមិនសម្រាកទេ បានទៅបឹងបេះផ្កាឈូក និងរកត្រី ស្រាប់តែលង់ទឹកស្លាប់ ចោលប្រពន្ធកូន បង្កការភ្ញាក់ផ្អើលឡើង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១១:០៥នាទី នៅចំណុចភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ខុន ទូច ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ខុន គន្ធា ភេទស្រី អាយុ ២៤ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះ នៅម៉ោង ៧:0៥នាទី ហើយឮនិយាយថា អត់ស្រួលខ្លួន រួចក៏ចេញទៅបឹង កាច់ផ្លែឈូក និងរកត្រី នៅដីចម្ការឈូក ម្នាក់ឯង តាមទម្លាប់ជាប្រចាំថ្ងៃ ស្ថិតនៅភូមិកើតហេតុ។ លុះដល់ម៉ោងប្រហែល ១១:០៥នាទី ក៏មានអ្នកភូមិដែលទៅរកត្រីនៅបឹងជាមួយ បានឃើញជនរងគ្រោះដួលផ្កាប់មុខក្នុងទឹក ក៏បានរត់ទៅហៅកូនៗជនរងគ្រោះថា បានឃើញជនរងគ្រោះ ដេកផ្កាប់មុខក្នុងទឹក សង្ស័យមានបញ្ហាហើយ។ ភ្លាមនោះ កូនៗជនរងគ្រោះ ក៏បានមកតាមមើលជនរងគ្រោះ ក៏ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងទឹក ដោយក្នុងដៃជនរងគ្រោះ កាន់ដងឫស្សីឧបរករណ៍ឆក់ត្រី ជាប់ដៃ ឃើញដូច្នោះកូនៗជនរងគ្រោះ នឹងអ្នកភូមិ ក៏ដកអាគុយចេញ រួចលើកជនរងគ្រោះដាក់ទូក រុញមកក្បែរច្រាំង រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យសពជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ផ្នែកក្បាលធម្មតា ក្នុងច្រមុះ មានទឹកនឹងកម្អែលដីក្នុងរន្ធច្រមុះ ក្នុងមាត់ មានដី ដងខ្លួនធម្មតា ក្នុងពោះតឹង អវយវៈធម្មតា។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក មិនមានស្លាកស្នាមពាក់ពន្ធ័ជាមួយបទល្មើសផ្សេងឡើយ។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕