Wednesday, November 27, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ ម៉ែប្តឹងប៉ូលិសជួយរក

បាត់កូនក្រមុំ ម៉ែប្តឹងប៉ូលិសជួយរក

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានចេញពីផ្ទះទៅធ្វើការដូចសព្វដង លុះដល់ម៉ោងចេញពីធ្វើការត្រឡប់មកផ្ទះវិញ បែរជាបាត់ មិនឃើញមកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារនាំគ្នាតាមស្វែងរកសព្វកន្លែង អស់រយៈពេលជាង១ខែ ទៅហើយ នៅតែគ្មានដំណឹង ទើបសម្រេចប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកវិញ។

នារីវ័យក្មេងដែលបាត់ខ្លួន មានឈ្មោះវីន កាយយីន អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ មានលំនៅផ្ទះលេខ 4DE0 ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ នារីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មកម៉្លេះ។

តាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា បានទទួលព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះស៊ឹម សៀងលី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 4DE0 ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បានរាយការណ៍ពីករណីបាត់កូនស្រី ឈ្មោះវីន កាយយីន អាយុ២១ឆ្នាំ ដោយអះអាងថា កូនស្រីរូបនេះ បានបាត់ខ្លួនអស់រយៈពេលជាង ១ខែមកហើយ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា បានបញ្ជូនព័ត៌មានទៅលោកសាត សំណាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីជួយអន្តរាគមន៍បន្ទាន់។

បន្ទាប់មក នៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃដដែល សមត្ថកិច្ចក៏បានទទួលពាក្យបណ្តឹងពីក្រុមគ្រួសាររបស់នារីដែលបាត់ខ្លួនខាងលើ។

តាមការរៀបរាប់ពីស្ត្រីជាម្តាយ បានឱ្យដឹងថា កូនស្រីរបស់គាត់ បានបាត់ខ្លួនតាំងពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មកម៉្លេះ ហើយក្រុមគ្រួសារ បានព្យាយាមតាមស្វែងរកសព្វកន្លែងដែរ តែរកមិនឃើញសោះ។

ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមស្វែងរកនារីខាងលើ៕

RELATED ARTICLES