ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានឈប់ចត រួចដេកក្នុងកង់បីរបស់ខ្លួន យ៉ាងយូរ មិនឃើញចេញទៅដឹកភ្ញៀវដូចសព្វដងសោះ ទើបធ្វើឱ្យអ្នកជិតខាងនឹកឆ្ងល់ ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខវត្តបទុមវតី ក្បែរដើមពោធិ៍សួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សពបុរសរងគ្រោះ មានឈ្មោះអេង សំបូរ អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅជាប្រចាំលើម៉ូតូកង់បី មុខវត្តបទុមវតី និងមានស្រុកកំណើតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភពពីអ្នករត់ម៉ូតូកង់បីដូចគ្នា បានឱ្យដឹងថា បុរសខាងលើ គឺជាមនុស្សមិនសូវមាត់កច្រើននោះទេ ហើយរាល់យប់ គាត់តែងឈប់ម៉ូតូកង់បី នៅកន្លែងកើតហេតុ រួចសម្រាកនៅក្នុងម៉ូតូកង់បី ជុំគ្នាជាមួយគេផ្សេងជាច្រើននាក់ទៀត។ លុះមកដល់ថ្ងៃកើតហេតុ គេមិនឃើញគាត់ចេញពីក្នុងម៉ូតូកង់បី ទៅដឹកភ្ញៀវដូចសព្វដងសោះ រហូតដល់ម៉ោង ៦ព្រលប់ទៅហើយ នៅតែមិនឃើញគាត់ចេញពីក្នុងម៉ូតូកង់បីទៀត ទើបពួកគាត់នឹកឆ្ងល់ ក៏នាំគ្នាដើរទៅមើល ស្រាប់តែប្រទះឃើញគាត់ដេកផ្កាប់មុខ ស្លាប់រឹងស្តូកបាត់ទៅហើយ។ ភ្លាមៗនោះ ពួកគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះពិនិត្យភ្លាមៗ។
ក្រោយពេលកើតហេតុ បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងកោសល្យវិច័យសពជនរងគ្រោះ តាមនីតិវិធីជំនាញ ហើយបានរកឃើញថា ជនរងគ្រោះមានជំងឺសួត ចំណែកចំពោះមូលហេតុនៃការ ស្លាប់របស់ជនរងគ្រោះ គឺបណ្តាលមកពីខ្យល់គរ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្តល់ដំណដឹងដល់សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕