Wednesday, November 27, 2024
Homeព័ត៌មានជាតិបង្ក្រាបឡានយីឌុប ដឹកឈើប្រណីត

បង្ក្រាបឡានយីឌុប ដឹកឈើប្រណីត

ខេត្តកំពង់ធំ ៖ កម្លាំងបរិស្ថាន នៃស្នាក់ការអូរងាវ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឆ្មក់ចាប់បានរថយន្តយីឌុប ១គ្រឿង ដែលលួចដឹកជញ្ជូនផល-អនុផលព្រៃឈើខុសច្បាប់ ចេញពីដែនបរិវេណព្រៃឡង់ ត្រង់ចំណុចច្រកជាំស្វាយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់។

តាមប្រភពពីមន្ត្រីបរិស្ថាន បានឱ្យដឹងថា ករណីនេះ គឺមន្ត្រីជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តលួចដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយបានបប្លែងរូបភាពតាមរយៈគោយន្តកន្ត្រៃ ហើយលើកមកដាក់រថយន្តយីឌុប ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ។

ប្រភពដដែល បន្តថា រថយន្តយីឌុប ដែលត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់ខាងលើ មានក្បាលពណ៌ស លាយទឹកសមុទ្រ ពាក់ស្លាកលេខ កំពង់ចាម 3A-4601 សណ្តោងកន្ទុយ ពាក់ស្លាកលេខ កំពង់ចាម 4A-1074 ផ្ទុកឈើប្រភេទលេខ២ ប្រមាណជា២០ម៉ែត្រគូប។

រថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្ត្រីបរិស្ថានអូរងាវ យកទៅរក្សាទុកនៅឯស្នាក់ការ ចំណែកម្ចាស់និងតៃកុងរថយន្ត បានរត់គេចបាត់។

លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញ បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ ហើយករណីនេះ គឺម្ចាស់ឈើ ជាគ្រូបង្រៀន នៅស្រុកបារាយណ៍ បានកាន់ចំណារពីថ្នាក់ដឹកនាំ ១រូប ក្នុងចំណារនេះ គឺស្នើសុំទិញឈើ មកធ្វើផ្ទះ ចំនួន ៣០ម៉ែត្រគូបប៉ុណ្ណោះ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មកម៉្លេះ លោកក៏បានអនុញ្ញាតឲ្យដឹកជញ្ជូន តែ១លើកប៉ុណ្ណោះ  ព្រោះក្នុងឯកសារផ្សេងៗ ចំណារគឺអនុញ្ញាតតែម្តងប៉ុណ្ណោះ។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តថា សកម្មភាពនេះ លោកបានស្រាវជ្រាវឃើញថា បានយកចំណារថ្នាក់ដឹកនាំក្នុងដៃ មកដឹកជញ្ជូនឈើខុសច្បាប់ ប្រហែលជា ៣ដងមកហើយ រូបលោកក៏បានដឹងថា មានការគប់គិតពីថ្នាក់ក្រោមៗ ពេលនេះលោកមិនអាចលើកលែងឡើយ។

លោកបានបញ្ជាក់ថា បញ្ហាឈើខាងលើនេះ ការសន្ឋិដ្ឋានឈើប្រហែលជាង ១៥ម៉ែត្រគូប ក្នុងរថយន្តយីឌុប វេអង តែមិនទាន់ដឹងថា ប្រភេទឈើអ្វី។ បច្ចុប្បន្នរថយន្តខាងលើនេះ ត្រូវបានយកមករក្សាទុកនៅស្នាក់ការអូរងាវ ស្រុកសណ្តាន់ បណ្តោះអាសន្ន និងស្រាវជ្រាវរកម្ចាស់ឈើ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES