ខេត្តកោះកុង ៖ បុរសជាកម្មករសំណង់ ២នាក់ ក្រោយពេលសម្រាកពីការងារ នាំគ្នាទិញស្រាមកអង្គុយផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះដល់យប់ជ្រៅបន្តិច ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាង ទប់កំហឹងមិនជាប់ ក៏ស្ទុះទាញដាវ មកកាប់ប្រហារគូទំនាស់ ១ដាវ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនបង្កហេតុ ត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ម្តុំសពយុទ្ធជន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនសង្ស័យដែលកាប់គូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតុង វ៉ាន់ហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកជនរងគ្រោះ មានឈ្មោះញូរ ហ៊ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយជនសង្ស័យខាងលើដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ បានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះ ក្លាយជាហិង្សា ដោយជនសង្ស័យ បានប្រើប្រាស់ដាវដែក កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន ដោយដកហូតបានវត្ថុតាង ដាវដែកមួយដើមផងដែរ។ បន្ទាប់មក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តនីតិវិធីបន្ត៕