Wednesday, November 27, 2024
Homeព័ត៌មានជាតិអុជធូបសុំសេចក្តីសុខ ភ្លើងឆេះផ្ទះហ្មត់

អុជធូបសុំសេចក្តីសុខ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានអុជធូបថ្ងៃសីល បន់ស្រន់សុំសេចក្តីសុខ លុះអុជធូបរួច ក៏បិទទ្វារដើរចោលផ្ទះបាត់ ស្រាប់តែបន្តិចក្រោយមក កើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ប្រក់ដំបូលស័ង្កសី មានម្ចាស់ឈ្មោះកន វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ។

ចំណែកសម្ភារៈនិងទ្រព្យសម្បត្តិខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ូតូ ចំនួន៣គ្រឿង អង្ករចំនួន ១បេ លុយ ចំនួន ១០ម៉ឺន រួមនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ រីឯមូលហេតុ បណ្តាលមកពីដុតធូបហើយ បិទទ្វារទុកចោល បណ្តាលឱ្យឆេះតែម្តង។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មានកងកម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប៕

RELATED ARTICLES