ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ទើបនឹងរៀបការបាន ៣ខែ ស្រាប់តែនៅសុខៗ បាត់ខ្លួនពេញ១យប់ ចំណែកក្រុមគ្រួសារ និង ស្ត្រីជាប្រពន្ធ ក៏មិនចាប់អារម្មណ៍តាមរកដែរ លុះព្រឹកឡើង ប្រទះឃើញបុរសជាប្តី ដេកស្លាប់ក្បែរទ្រុងមាន់ ខាងក្រោយផ្ទះ រឹងស្តូកទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធ ទួញយំបោកខ្លួនយ៉ាងខ្លាំង។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បែរទ្រុងមាន់ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ។
បុរសរងគ្រោះ មានឈ្មោះសាត សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ទើបនឹងរៀបការប្រពន្ធបានជាង ៣ខែប៉ុណ្ណោះ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបាត់ខ្លួនតាំងពីក្បាលព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយមិនដឹងថាទៅណា ហើយក៏គ្មានសមាជិកណាម្នាក់បានដឹង និងចាប់អារម្មណ៍តាមទៅរកដែរ។ រហូតមកដល់ វេលាទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទើបបានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរទ្រុងមាន់ ខាងក្រោយផ្ទះ ជាមួយគ្នានោះ គេក៏បានឃើញសត្វមាន់ ២ក្បាល និងគីង្គក់ ១ក្បាល បានងាប់ក្បែរគ្នានោះផងដែរ។
ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ព្រោះពិនិត្យឃើញខ្សែភ្លើងដែលជនរងគ្រោះដោតបំភ្លឺ ពេលមកមើលមាន់ ឃើញមានមុខតំណ ហើយប៉ះជាប់នឹងដំបូលស័ង្កសីទ្រុងមាន់ ទើបបណ្តាលឱ្យឆក់ជនរងគ្រោះ ស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានធ្វ់កំណត់ហេតុ ប្រគល់សពឱ្យទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕