Wednesday, November 27, 2024
Homeព័ត៌មានជាតិកូនប្រសាវ៉ៃម៉ែក្មេកប៉ោងមុខ ខឹងឃាត់មិនឱ្យវ៉ៃប្រពន្ធ

កូនប្រសាវ៉ៃម៉ែក្មេកប៉ោងមុខ ខឹងឃាត់មិនឱ្យវ៉ៃប្រពន្ធ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានដើរលេងផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ដាច់យប់ ព្រឹកឡើងទើបត្រឡប់មកដល់ផ្ទះវិញ រួចបានរករឿងឈ្លោះប្រកែក បម្រុងវាយប្រពន្ធថែមទៀត ទើបស្ត្រីជាម្តាយក្មេកឃើញបែបនេះ ក៏ចូលមកឃាត់ ស្រាប់តែកូនប្រសាកំពុងពុលកំហឹង វ៉ៃម្តាយក្មេក បណ្តាលឱ្យរងរបួសប៉ោងមុខ សន្លប់បាត់មាត់ឈឹង រួចបានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

ករណីអំពើហិង្សាដោយចេតនា កូនប្រសាវាយម្តាយក្មេកនេះ បានកើតឡើង កាលពីនៅវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិច្ររៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល។

ស្ត្រីរងគ្រោះដែលត្រូវកូនប្រសាវាយ បណ្តាលឱ្យរងរបួសប៉ោងមុខ និងសន្លប់បាត់មាត់ឈឹងនោះ មានឈ្មោះអ៊ី គន្ធា មានលំនៅ ភូមិច្ររៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ចំណែកជនសង្ស័យជាកូនប្រសា មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយបង្កហេតុរួច បានរត់ គេចខ្លួនបាត់។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង១៩នាទី ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីស្ត្រីម្នាក់ ពីករណីហិង្សាដោយចេតនា (កូនប្រសាវាយម្តាយក្មេក) ស្ថិតក្នុងភូមិច្ររៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកសេង លុច អធិការនគរបាលស្រុកថ្មគោល ហើយលោកអធិការ បានបញ្ជាក់ថា ករណីនេះ បានកើតឡើង តាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ហើយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្មុំ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ ប៉ុន្តែដោយសារជនបង្កហេតុបានរត់គេចខ្លួនបាត់ ដូច្នេះសមត្ថកិច្ចបានកសាងសំណុំរឿង បន្តតាមនីតិវិធី។

តាមប្រភពនារីម្នាក់ ជាប្អូនថ្លៃរបស់ជនសង្ស័យ និងត្រូវជាកូនស្រីរបស់ជនរងគ្រោះ ឈ្មោះអ៊ី គន្ធា បានប្រើគណនីហ្វេសប៊ុក របស់ជនរងគ្រោះ បង្ហោះរូបភាពជបសង្ស័យ និងស្ត្រីរងគ្រោះនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រៀបរាប់ពីដំណើររឿងហិង្សា (កូនប្រសាវាយម្តាយក្មេក) នេះថា “ក្នុងនាមជាកូនស្រីបង្កើតរបស់ម្ចាស់ account facebook ឈ្មោះអ៊ី គន្ធា សូមជម្រាបពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ មេត្តាជ្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧និង១០នាទី បុគ្គលម្នាក់នេះ ដែលត្រូវជាកូនប្រសារបស់អ៊ី គន្ធា វាបានប្រើអំពើហិង្សាមកលើម្តាយនាងខ្ញុំ បណ្តាលឱ្យម្តាយនាងខ្ញុំសន្លប់បាត់បង់ស្មារតី និងបានយកម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ស្លាកលេខ 1AL-8343 ស៊េរីឆ្នាំ២០២០ ជិះគេចខ្លួនបាត់។ មុនពេលកើតហេតុ ជនតិរច្ឆានខាងលើ បានទៅផឹកស៊ីដាច់យប់ មិនចូលផ្ទះ ចោលប្រពន្ធ កូនតូចៗពីរនាក់ អាយុទើបតែ ១ខួប និង២ខួប ដោយមិនប្រាប់អ្នកណាឡើយ។ លុះដល់ព្រឹកឡើង ប្រហែលម៉ោង ៦និង៥០នាទី ទើបត្រឡប់មកផ្ទះ ហើយម្តាយនាងខ្ញុំ បានហៅវាមកសួរនាំ ហេតុអីបានចេះតែចោលប្រពន្ធកូនអ៊ីចឹង (បងស្រីបង្កើតរបស់នាងខ្ញុំ) ហើយវាបានតបតស្តីមិនសមរម្យ និងស្រែកចង្អុលមុខប្រពន្ធ នៅចំពោះមុខម្តាយនាងខ្ញុំ។ ទឹកចិត្តជាម្តាយ ពេលឃើញគេបំពានដាក់កូន គាត់បានរុញដៃវាចេញ ការពារកូន វាក៏វ៉ៃម្តាយនាងខ្ញុំ ចំផ្ទៃមុខ ចំហៀងខាងស្តាំ បណ្តាលឱ្យសន្លប់បាត់បង់ស្មារតីតែម្តង រួចជិះម៉ូតូគេចបាត់ (ម៉ូតូប្អូនប្រុសនាងខ្ញុំ)»។

នារីជាប្អូនថ្លៃជនសង្ស័យ សរសេរបន្តថា «ម្តាយនាងខ្ញុំផ្គត់ផ្គង់ចិញ្ចឹមបាយទឹក ទឹកដោះគោ (កូនអ៊ឹមទឹកដោះគោទាំងពីរនាក់) ទាំងស្រុង សម្លៀកបំពាក់ លុយវះកាត់សម្រាលកូន យានជំនិះ កន្លែងស្នាក់នៅ និងកន្លែងឱ្យវារកស៊ីទៀត ហេតុអីវាហ៊ានលើកដៃវាយម្តាយក្មេក ដែលចិញ្ចឹមវា ប្រពន្ធកូនវាទៀត អាតិរច្ឆាន អានរក អាក្រពើ …”៕

RELATED ARTICLES