ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ប្តីរបស់ខ្លួនដែលជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ បានប្តឹងទាមទារលែងលះជាមួយគាត់ ដល់ទៅ ២ដង បំណងទៅរួមរស់ជាមួយស្រីស្នេហ៍ថ្មី ជាប្រពន្ធចុង តែគាត់មិនព្រម លុះក្រោយមក គាត់បានទៅតាមសួរនាំដល់ផ្ទះ ក៏ត្រូវប្រពន្ធចុងប្តី ប្រើហិង្សា វ៉ៃបណ្តេញចេញពីផ្ទះ មិនអស់ចិត្ត ទូរស័ព្ទហៅប្តី មកព្រួតវ៉ៃគាត់ផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យពកក្បាលថែមទៀតផង ជាហេតុធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត មកទួញយំឡាំប៉ា នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនគាត់។
ហេតុការណ៍ស្ត្រីជាប្រពន្ធដើម មកស្រែកយំឡាំប៉ាមុខប៉ុស្តិ៍នគរបាល ដោយអះអាងថា ត្រូវប្តី និងប្រពន្ធចុងព្រួតវ៉ៃនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស្រុន សៀងលីន អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ស្ត្រីរូបនេះ បានអះអាងថា ប្តីរបស់គាត់ ឈ្មោះដួង ឧត្តម អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីនគរបាល ពាក់ស័ក្តិ៣ បម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ហើយក្រុមគ្រួសារគាត់ មានកូនចំនួន៤នាក់ (ប្រុស២ ស្រី២)។
ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់និងប្តី បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ ដោយរួមរស់ជាមួយគ្នាកន្លងមក បង្កើតបានកូនចំនួន ៤នាក់ (ប្រុស២ ស្រី២) លុះមកឆ្នាំ២០១៨ ប្តីរបស់គាត់ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាង បានលួចមានទំនាក់ទំនងស្នេហាជាមួយនារីផ្សេងទៀត ធ្វើឱ្យគ្រួសាររបស់គាត់កើតជាបញ្ហាទំនាស់គ្នាឥតឈប់ឈរ រហូតពេលខ្លះប្តីរបស់គាត់បានប្រើហិង្សាមកលើរូបគាត់ជាប្រពន្ធថែមទៀតផង។ លុះមកដល់ឆ្នាំ២០២២ ប្តីរបស់គាត់បានសុំប្តឹងលែងលះ ចំនួន២ដង ទៅតុលាការ តែរូបគាត់ជាប្រពន្ធមិនព្រមលែងនោះទេ ព្រោះគាត់មិនចង់ឱ្យប្តីរបស់គាត់ទៅយកអ្នកផ្សេងធ្វើជាប្រពន្ធ។
ស្ត្រីខាងលើ បន្តរៀបរាប់ថា រហូតមកដល់ថ្ងៃកើតហេតុ គាត់បានជិះម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីរកប្តីរបស់គាត់ តែមិនឃើញ ទើបគាត់ក៏បន្តជិះម៉ូតូទៅផ្ទះប្រពន្ធចុងប្តី នៅម្តុំលក់ធ្យូង ស្ពានបឹងសាឡាង តែពេលទៅដល់ផ្ទះ មិនឃើញមានមនុស្សនៅ ទើបរូបគាត់ក៍បានជិះម៉ូតូបកមកវិញ ចៃដន្យជួបស្ត្រីជាប្រពន្ធចុងប្តី នៅច្រកចូល ហើយពេលនោះ ស្ត្រីនោះបានហៅរូបគាត់ឱ្យចូលទៅផ្ទះវិញ។ ពេលនោះ គាត់ក៏បានដើរចូលទៅផ្ទះនាងប្រពន្ធចុង ស្រាប់តែនាងនោះ បានយកអំបោសវាយមកលើរូបគាត់តែម្តង ហើយមិនត្រឹមតែប៉ុណ្ណោះ នាងប្រពន្ធចុងនេះ បានទូរស័ព្ទហៅប្តីរបស់គាត់មក ស្រាប់តែពេលប្តីមកដល់ បានវាយនិងរុញគាត់ផ្ទប់ជញ្ជាំងផ្ទះ បណ្តាលឱ្យរងរបួសពកក្បាល និងរលាត់ដៃជើងទៀតផង។
ក្រោយពីត្រូវប្តីនិងប្រពន្ធចុងព្រួតវាយយ៉ាងដំណំបែបនេះហើយ ទើបរូបគាត់បានហៅកូនប្រុសឱ្យដឹកគាត់មកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹង តែពេលមកដល់ មិនមានសមត្ថកិច្ចណាយកចិត្តទុកដាក់រឿងរបស់គាត់នោះទេ ដោយសារតែប្តីរបស់គាត់ជាអ្នកធ្វើការនៅទីនោះ ទើបរូបគាត់ស្រែកឡាំប៉ា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជាដំណឹងជូនទៅថ្នាក់លើ ឱ្យជួយរកយុត្តិធម៌ជូនរូបគាត់។
ក្រោយពេលកើតហេតុ បន្ទាប់ពីរៀបរាប់អស់ចិត្តហើយ ស្ត្រីខាងលើ ក៏បានឱ្យកូនប្រុសដឹកត្រឡប់ទៅផ្ទះវិញទៅ។
ជុំវិញករណីខាងលើនេះដែរ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕