Wednesday, November 27, 2024
Homeព័ត៌មានជាតិលោកស្រីហ៊ុន ម៉ាណា នាំពេទ្យចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ

លោកស្រីហ៊ុន ម៉ាណា នាំពេទ្យចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃ

 ខេត្តបាត់ដំបង​៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៩៨៤នាក់ ដោយឥតគិតថ្លៃ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥  និងក្រុមការងារជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពុកម៉ែ បងប្អូន នៅក្នុងកម្មវិធីនោះផងដែរ។

 លោកស្រី បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានសម្របសម្រួលឲ្យពុកម៉ែ បងប្អូន បានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាន នំបញ្ចុក នំប៉័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសា ប្រកបដោយភាពស្និទ្ធស្នាល និងបង្កប់នូវស្នាមញញឹមគ្រប់ៗគ្នា។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែម ជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាព្យាបាលនៅពេលនោះផងដែរ។

 ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តវាស់ភ្នែក ចែកជូនវ៉ែនតា សម្រាប់លោកយាយ លោកតា ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស  ខោអាវលោកយាយ លោកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នាពេលនោះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋាន និងសូមជូនពរសម្តេចនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៌ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជា ក្នុងសុខសន្តិភាព តទៅមុខទៀត៕

RELATED ARTICLES