ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀន ជាង ៥២គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆន សុខា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
យោងតាមរបាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលទើបនឹងទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ និងសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបនៅចំណុចមុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
របាយការណ៍ដដែលបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ឈ្មោះឆន សុខា និងដកហូតថ្នាំញៀន មេតំហ្វេតាមីន (ICE) ទម្ងន់ ៥២គីឡូក្រាម និង៦០៨,៤៦ក្រាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕