ខេត្តតាកែវ ៖ បុរសម្នាក់ បានឈប់ម៉ូតូចោល នៅក្បែរខ្លោងទ្វារវត្ត ដោយមិនបានដកកូនសោចេញនោះទេ រួចក៏ដើរទៅផ្លាស់គោ មួយភ្លែត ស្រាប់តែក្រឡេកមកវិញ ឃើញជនសង្ស័យជាអ្នករស់នៅភូមិជាមួយគ្នា ជិះចេញទៅបាត់ ទើបរត់ទៅប្តឹងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យបាន នាំយកទៅចាត់ការតាមច្បាប់។
ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខ្លោងទ្វារវត្តដុងឧត្តម ស្ថិតក្នុងភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
ជនសង្ស័យដែលលួចម៉ូតូអ្នកភូមិ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌុក វិសាល ហៅកែវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះញ៉ឺង ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ តាកែវ 1J-0979។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានទទួលសេចក្តីរាយការណ៍ថា កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខ្លោងទ្វារវត្តដុងឧត្តម ស្ថិតក្នុងភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យឈ្មោះឌុក វិសាល ហៅកែវ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង របស់ជនរងគ្រោះឈ្មោះញ៉ឺង ប្រុស ខណៈដែលជនរងគ្រោះ ទុកម៉ូតូនៅក្បែរខ្លោងទ្វារវត្តដុងឧត្តម ដោយមិនបានដកកូនសោ ហើយដើរទៅផ្លាស់គោ ចម្ងាយប្រហែល ៥០ម៉ែត្រ ពីម៉ូតូ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះឌុក វិសាល ហៅកែវ មានដីកាចាប់ខ្លួនចំនួន២ រួមមាន ទី១-ដីកាលេខ១៤៣/២២ ចុះថ្ងៃទី២៦.០៥.២០២១ ដោយលោកស្រី ជ័យ មាលា ចៅក្រមស៊ើបសួរ និងទី២-ដីកាលេខ២៨១/២១ ចុះថ្ងៃទី១៣.១០.២០២១ ដោយលោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរ ពីបទជួញដូរសារធាតុញៀន៕