ខេត្តកណ្តាល ៖ យុវជនម្នាក់ ពុំដឹងជាមានវិបត្តិអ្វីដោះស្រាយមិនចេញ បានឆាតទៅប្រាប់បងប្រុសបង្កើតរបស់ខ្លួន ដែលកំពុងធ្វើការនៅភ្នំពេញ ដោយប្រាប់ថា បើមានជាតិក្រោយ យើងជួបគ្នាទៀត បន្ទាប់មក ក៏សម្រេចចិត្ត ចងក បញ្ចប់ជីវិតខ្លួនឯង នៅក្នុងរោងបាយ ខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។
យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះតុង ស៊ីណាន ភេទប្រុស អាយុ២៣ឆ្នាំ មុខជាងដែក មានលំនៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។
តាមការបំភ្លឺពីស្ត្រីជាម្តាយជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ វេលាម៉ោង ១រសៀល កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានក្រោកពីដេក ទៅអង្គុយហូបបាយជាមួយក្រុមគ្រួសារ រួចក៏បានដើរទៅកន្លែងធ្វើការជាមួយពូថ្លៃ នៅផ្ទះឈ្មោះនូ ម៉ាឡៃ នៅក្នុងភូមិជាមួយគ្នា ដើម្បីផ្សារដំបូលសំយាបផ្ទះ ដែលការងារនេះ ពួកគេធ្វើរហូតដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល ទើបចេញពីធ្វើការ ដើរមកផ្ទះវិញ ហើយក៏ហូបបាយល្ងាច ជាមួយក្រុមគ្រួសារ ដូចធម្មតា។
ស្ត្រីជាម្តាយ បន្តថា ក្រោយពីហូបបាយរួច កូនប្រុសគាត់បានចេញដើរទៅផឹកស្រាជាមួយមិត្តភក្តិ ដូចរាល់ដង រហូតទាល់តែស្រវឹង ទើបចូលផ្ទះវិញ។ លុះមកដល់ម៉ោង ១១និង៤៧នាទីយប់ ថ្ងៃដដែល កូនប្រុសរបស់គាត់ បានឆាតជាសំឡេង ទៅបងប្រុសបង្កើតរបស់គេ ឈ្មោះតុង មេសា ដែលកំពុងធ្វើការនៅភ្នំពេញ ថា “បើមានជាតិក្រោយ យើងជួបគ្នាទៀត”។ បន្ទាប់ពីឮសូរប្អូនប្រុសឆាតនិយាយបែបនេះ កូនប្រុសរបស់គាត់ ឈ្មោះមេសា ក៏បានទំនាក់ទំនងតាមទូរស័ព្ទ មកអ្នកផ្ទះ ដើម្បីឱ្យទៅមើលប្អូនប្រុស ដែលដេកនៅផ្ទះបាយខាងក្រោយផ្ទះ។ ឮបែបនេះ គាត់និងក្រុមគ្រួសារ បាននាំគ្នាទៅដល់កន្លែងកើតហេតុ ក៏ឃើញកូនប្រុសរបស់គាត់ឈ្មោះតុង ស៊ីណាន ហៅឆ្អឹង ធ្វើអត្តឃាត ដោយចងកនឹងខ្សែភ្លើង នៅជាប់ននងផ្ទះបាយស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារនាំគ្នាកាត់ខ្សែភ្លើងដែលចងក ទម្លាក់សពចុះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍គគីរ ចុះមកពិនិត្យតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍គគីរ សហការជាមួយកម្លាំងផ្នែកកោសល្យវិច័យ រួមជាមួយអាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំគគីរ បានចុះទៅធ្វើការពិនិត្យសពជនរងគ្រោះ។
តាមការពិនិត្យសព នៅលើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕