ខេត្តកណ្ដាល៖ កម្មការិនីរោងចក្រម្នាក់ ឆ្លៀតពេលថ្ងៃអាទិត្យទំនេរ ក៏ទៅដេរខោអាវរយនៅផ្ទះជួលរបស់បងស្រី តែអកុសលស្រាប់តែត្រូវចរន្តអគ្គិសនីឆ្លងពីម៉ាស៊ីនដេរ ឆក់ស្លាប់តែម្តង ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះជួលមួយកន្លែងក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ទិត្យ ចន្នី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ មុខរបរកម្មករកាត់ដេរនៅរោងចក្រប្រឹកពិសឹក(យ៉ុងវ៉ាថ្មី) ។
នគរបាលបានឱ្យដឹងបន្ថែមថា ពេលនារីរងគ្រោះទំនេរនាងតែងតែទៅដេរខោអាវរយនៅផ្ទះជួលរបស់បងស្រីឈ្មោះ ទឹម ខេង ស្រាប់តែនៅថ្ងៃកើតហេតុ ខណៈនារីរងគ្រោះនៅដេរតែម្នាក់ឯង ដោយបងស្រីជាម្ចាស់ផ្ទះជួលបានចុះទៅងូតទឹក ពេលមកវិញក៏ឃើញជនរងគ្រោៈដេកលើកៅអីមុខម៉ាស៊ីនដេរ ក៏ស្រែកឲ្យគេជួយ ដោយស្មានតែខ្យល់គ ពេលនោះអ្នកជិតខាងបាននាំគ្នាមកជួយ ពេលចាប់ដៃនារីរងគ្រោះក៏បានឆក់បន្ត តែសំណាងល្អខំរើបន្ទាន់ ទើបដឹងថា នារីរងគ្រោះឆក់ខ្សែភ្លើងក៏បាននាំគ្នាបិតកុងកាក់ភ្លើង និងនាំនារីរងគ្រោះទៅពេទ្យ តែគ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះស្លាប់បាត់ហើយ ។
ក្រោយការពិនិត្យរបស់ជំនាញបចេ្ចកទេសក្រុងតាខ្មៅ និងលោកគ្រូពេទ្យ បានសន្និដ្ឋានថា នារីរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី (ឆ្លងម៉ាស៊ីនដេរ ) មានរបួសស្នាមជាំខ្លោចខ្មៅចំម្រាមជើងខាងស្តាំ និងបាតជើងខាងធ្វេងពិតប្រាកដមែន ទើបសពត្រូវបានប្រគល់ជូនបងស្រីបង្កើតរបស់នារីរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕