ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ជូនប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះគ្រប់ខែ និងឈឺពោះ បំណងទៅសម្រាលកូននៅមន្ទីរពេទ្យ ស្រាប់តែធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ត្រូវរថយន្ត ១គ្រឿង បើកឆ្លងផ្លូវ ជ្រុលមកបុករថយន្តរបស់ខ្លួន បណ្តាលឱ្យវិល ១ជុំ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនប៉ះពាល់ដល់ស្ត្រីជាប្រពន្ធដែលកំពុងឈឺពោះសម្រាលកូន ទើបបុរសជាប្តី សម្រេចទុករថយន្តចោល រួចរកមធ្យោបាយថ្មី ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៣៣៧ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យបានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតា ព្រូស ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AU-0346 បើកដោយបុរសជាប្តី និងស្ត្រីប្រពន្ធ ធ្វើណើរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីជើង ទៅត្បូង គោលបំណងជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ។
ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3E-5158 បើកបរដោយបុរសម្នាក់ ធ្វើដំណើរឆ្លងកាត់ទទឹងគ្នា តាមបណ្តោយផ្លូវ៥២៨ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន។ ខណៈពេលដែលមកដល់ចំណុចកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ បានបុកផ្ទប់ចំទ្វាររថយន្តខាងស្តាំ បណ្តាលឱ្យរថយន្តតូយ៉ូតាព្រូស វិលក្បាលត្រឡប់ក្រោយមួយជុំ រងការខូចខាតខ្ទេចមួយចំហៀងខាងឆ្វេងរថយន្ត។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ រងការខូចខាតខាងមុខតិចតួច។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តតូយ៉ូតា ព្រូស មិនបាននៅតវ៉ាអ្វីច្រើននោះទេ ព្រោះប្រញាប់នាំប្រពន្ធចេញពីក្នុងរថយន្ត និងរកមធ្យោបាយធ្វើដំណើរផ្សេង ដើម្បីជូនប្រពន្ធទៅសម្រាលកូន។
ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តនៅពេល ក្រោយ៕