ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត លួចលក់ដែករបស់ថៅកែ និងដើរប្រមូលប្រាក់របស់ដេប៉ូ តាមបណ្តាស្រុក ចំនួន ៦១៦៧ដុល្លារ យកទៅចាយវាយផ្ទាល់ខ្លួន។
ជនសង្ស័យរូបនេះ មានឈ្មោះ សល មេត្តា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ នៅដេប៉ូសំណង់ សុខបាន រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ស្ត្រីសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ការឃាត់ខ្លួននេះ គឺធ្វើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះសួន ចាន់គីម ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរម្ចាស់ដេប៉ូ សុខបាន រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងខេត្តបាត់ដំបង ដោយបានប្តឹងជនសង្ស័យខាងលើ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
តាមបណ្តឹង ជនសង្ស័យមានតួនាទីជាអ្នកលក់ ហើយជនសង្ស័យរូបនេះ បានលួចលក់ដែក របស់ថៅកែ និងដើរប្រមូលប្រាក់របស់ដេប៉ូ តាមបណ្តាស្រុក ចំនួន ៦១៦៧ដុល្លារ យកប្រាក់នេះចាយវាយផ្ទាល់ខ្លួន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕