ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈពេលជិះម៉ូតូមកពីលេងផ្ទះគូដណ្តឹងនៅម្តុំព្រែកក្តាមបានជិះទៅបុករបាំងថ្មដាក់បាំងការដ្ឋានជួសជុលផ្លូវដែលមិនមានចំណាងផ្លាតបណ្តលឲ្យផ្លោងដួល បោកក្បាលនឹងរបាំងថ្មស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុចតាមបណ្តោយផ្លូវជាតិលេខ៥ជិតនិងក្រុមហ៊ុន ម៉ែន សារុន ស្ថិតក្នុងក្រុម៣ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះឈ្មោះ នីម នីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួលម្តុំវត្តសន្សំកុសលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំនើតនៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបានអោយដឹងថា ជនរងគ្រោះខាងលើបើកបរម៉ូតូមួយគ្រឿងម៉ាក FZ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ១GC៥៧០៤ បើកបរតែម្នាក់ឯងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ មុនពេលកើតហេតុជនរងគ្រោះបានទៅលេងនៅផ្ទះគូដណ្តឹងរបស់ខ្លួននៅម្តុំព្រែកក្តាមតាំងពីម៉ោង៥ល្ងាច រហូតដល់យប់ជ្រៅបន្តិចជនរងគ្រោះបានលាគូដណ្តឹងរបស់ខ្លួននិងគ្រួសារដើម្បីត្រលប់ទៅផ្ទះវិញនៅម្តុំវត្តសន្សំកុសលពេលនោះគូដណ្តឹងរបស់ជនរងគ្រោះបានឃាត់ជនរងគ្រោះឲ្យគេងនៅទីនេះមួយយប់ហើយចាំស្អែកចាំទៅតែជនរងគ្រោះមិនព្រមទេព្រោះប្រញាប់បើករថយន្តជូនមេឡើងយន្តហោះខណៈពេលជិះម៉ូតូមកដល់ចំនុចកើតហេតុខាងលើ ដោយសារតែផ្លូវមានស្ថានភាពងងឹតហើយរនាំងថ្មដែលគេដាក់បាំងការដ្ឋាននសាងសង់ផ្លូវនេះក៏មិនមានភ្លើងសញ្ញាឬក៏ចំណាំងផ្លាតអ្វីផ្សេងនោះទេ ទើបជនរងគ្រោះខាងលើ ជិះទៅបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះហោះផ្លោងចេញពីម៉ូតូជាងដប់ម៉ែត្រ បោកក្បាលទៅនិងថ្នលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ នារីជាគូដណ្តឹងបានទៅដល់កន្លែងកើតហេតុទួញយំសោកស្តាយ ជាពន់ពេក ។ សពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំនើតចំណែកឯម៉ូតូត្រូវបានសាច់ញាតិយកទៅត្រលប់ទៅផ្ទះវិញ ៕
ដោយ៖ សោល វ៉ាន់ណាល់