Wednesday, November 27, 2024
Homeព័ត៌មានជាតិកូនប្រុសទើបចេញពីគុក គំរាមសម្លាប់កាត់ក្បាលម៉ែឪ

កូនប្រុសទើបចេញពីគុក គំរាមសម្លាប់កាត់ក្បាលម៉ែឪ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ទើបនឹងចេញមិនបានប៉ុន្មានផង ក៏ដើរផឹកស៊ី ជក់ថ្នាំញៀនជាមួយមិត្តភក្តិជាប្រចាំ និងចេះតែរករឿងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ ថែមទាំងគំរាមសម្លាប់កាត់ក្បាលឪពុកម្តាយចោលទៀតផង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការភ័យខ្លាច ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់អូសកកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសគំរាមសម្លាប់កាត់ក្បាលឪពុកម្តាយនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលគំរាមសម្លាប់ឪពុកម្តាយខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ថា សំណាង ហៅខួច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះលុន ថា អាយុ៦១ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឧស្សាហ៍រករឿងឈ្លោះជាមួយឪពុកម្តាយ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាច្រើនលើកច្រើនសារួចមកហើយ និងធ្លាប់ត្រូវបានសមត្ថកិច្ចហៅទៅធ្វើការអប់រំណែនាំ ជាច្រើនលើកដែរ តែហាក់មិនខ្លាចរអាអ្វីបន្តិចសោះ។

ប្រភពដដែល បន្តថា មិនតែប៉ុណ្ណោះ ជនសង្ស័យរូបនេះ តែងប្រើប្រាស់សារធាតុញៀន និងផឹកស្រាជាប្រចាំ រហូតដល់មានសតិមិនប្រក្រតីទៀតផង។ បន្ទាប់មក កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ហើយតុលាការបានកាត់ទោសដាក់ពន្ធនាគារខេត្តកណ្តាល រយៈពេល២ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទើបរួចទោសទណ្ឌ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីពេលថ្មីៗនេះ ប៉ុន្តែក្រោយពេលចេញមកវិញ ជននេះនៅតែមិនកែចរិតរបស់ខ្លួនសោះ តែងបង្ករឿងអុកឡុកក្រុមគ្រួសារ ជារឿយៗដដែល។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យ បានយកចានបាយគប់ទៅផ្លូវថ្នល់ បណ្តាលឱ្យបែកខ្ចាយ និងថែមទាំងគំរាមកំហែងឪពុកម្តាយដែលជាជនរងគ្រោះថា «ប្រយ័ត្នអញកាប់ដាច់ក កាត់ក្បាលចោលទាំងអស់គ្នា!»។ បន្ទាប់ មក នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យបានយកមេសោដើរឆ្លេឆ្លា បម្រុងគប់ទៅផ្លូវមុខផ្ទះ តែម្តាយបានចាប់យកមេសោនោះមកទុក ពេលនោះជនសង្ស័យបានដើរចូលទៅក្នុងផ្ទះ រើអីវ៉ាន់ក្នុងផ្ទះចោល ហើយបានធាក់ទ្វារបន្ទប់ទឹក ធ្វើពីជ័រ បណ្តាលឱ្យបែកបាក់ខូចខាត ព្រមទាំងប្រើពាក្យគំរាមសម្លាប់កាត់ក្បាលឪពុកម្តាយចោលទៀត ជាហេតុធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ មានការភ័យខ្លាច ក៏រត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍ បានចុះទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES