Wednesday, November 27, 2024
Homeព័ត៌មានជាតិដេញវ៉ៃសិស្ស ធ្លាយរឿងឆក់៤ដង

ដេញវ៉ៃសិស្ស ធ្លាយរឿងឆក់៤ដង

ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពដេញវាយសិស្សសាលា បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ គាប់ជួនត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង កំពុងចេញល្បាត ប្រទះឃើញ ក៏ចាប់ក្របួចជាប់ នាំយកទៅសាកសួរ ស្រាប់តែធ្លាយរឿងជនសង្ស័យទាំង ២នាក់ គឺជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពឆក់ខ្សែក ចំនួន៤ដង។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសឿន សុខណន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី២-ឈ្មោះឆេន ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្ទះជួល ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនង្ស័យ ចំនួន២នាក់  ទី១-ឈ្មោះសឿន សុខណន និងទី២-ឈ្មោះឆេន ឡុង ខណៈពេលកម្លាំងប៉ុស្តិ៍កំពុងល្បាត ហើយក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើសកម្មភាពដេញវាយសិស្សសាលា នៅចំណុចខាងលើ។

លោកអធិការ បន្តថា ក្រោយពីធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យឈ្មោះសឿន សុខណន បានសារភាពថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ខ្សែក នៅក្នុងមូលដ្ឋានស្រុកព្រៃនប់ បានចំនួន ៤លើក រួមមាន លើកទី១- អំឡុងខែមិថុនា ឆ្នាំ២០២២ ធ្វើសកម្មភាព ឆក់នៅចំណុចសេតេ ក្រុងព្រះសីហនុ បានខ្សែក ១ខ្សែ។ លើកទី២- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ធ្វើសកម្មភាពឆក់នៅចំណុចផ្លូវបេតុង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដោយឆក់បានបន្តោងខ្សែក១ រូបបេះដូង។ លើកទី៣- ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឆក់នៅចំណុចផ្លូវលំ ភូមិរាម ឃុំរាម ស្រុកព្រៃនប់ បានខ្សែក ១កំណាត់ និងលើកទី៤- ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឆក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ បានខ្សែក ១ខ្សែ។ ក្រោយពីធ្វើសកម្មភាពឆក់បាន គឺពួកគេតែងយកទៅលក់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមចាប់ខ្លួន តាំងពីពេលដែលពួកគេបានធ្វើសកម្មភាពឆក់រួចភ្លាមៗមកម៉្លេះ។

ជនសង្ស័យ ទាំង២នាក់ រួមជាមួយវត្ថុតាង (ម៉ូតូ ១គ្រឿង និងទូរស័ព្ទ ២គ្រឿង) ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES