Wednesday, November 27, 2024
Homeព័ត៌មានជាតិប្តីស្លាប់ ប្រពន្ធអត់លុយធ្វើបុណ្យ

ប្តីស្លាប់ ប្រពន្ធអត់លុយធ្វើបុណ្យ

ភ្នំពេញ ៈ បុរសម្នាក់ តែងផឹកស្រាជាប្រចាំ រហូតដល់វង្វេងស្មារតី ដើរបាត់ពីផ្ទះ អស់រយៈពេល៤ថ្ងៃ ស្រាប់តែត្រូវបានប្រទះឃើញលង់ទឹករណ្តៅដីស្លាប់ ប៉ុន្តែដោយសារតែក្រុមគ្រួសារមានជីវភាពទីទ័លក្រពេក អត់មានប្រាក់ធ្វើបុណ្យ ទើបស្ត្រីជាប្រពន្ធ សម្រេចដឹកសពប្តីទៅបូជា (ដុត) តែម្តង។

ហេតុការណ៍ប្រទះឃើញសពលង់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សព មានឈ្មោះសុខ ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមការបំភ្លឺពីឈ្មោះម៉ម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ បានរត់មកប្រាប់គាត់ថា ពេលនាងទៅជីកត្រពាំង នៅដីឡូត៍លិចទឹកមួយកន្លែង នៅភូមិរបោះអង្កាញ់ ស្រាប់តែប្រទះ ឃើញមានសពមនុស្សប្រុសម្នាក់ អណ្តែតទឹករណ្តៅដី ឮបែបនេះ គាត់ក៏ទៅមើល ហើយផ្តល់ព័ត៌ទៅសមត្ថកិច្ចតែម្តង។

តាមការបំភ្លឺពីស្ត្រីឈ្មោះហុង សុភ័ណ្ឌ អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា កន្លងមក ប្តីរបស់គាត់តែងតែផឹកស្រាជាប្រចាំ  ហើយនៅពេលស្រវឹង តែងតែមានអារម្មណ៍រវើរវាយ ដើរអុកឡុកអ្នកជិតខាង និងធ្លាប់បានដុតផ្ទះខ្លួនឯងទៀតផង ហើយសមត្ថកិច្ចក៏ធ្លាប់បាននាំប្តីគាត់ទៅអប់រំដែរ តែប្តីគាត់នៅតែបន្តផឹកស្រាដដែល។

ស្ត្រីជាប្រពន្ធ បន្តថា លុះមកដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ពេលគាត់ចេញពីធ្វើការមកដល់ផ្ទះ ស្រាប់តែមិនឃើញប្តី ទើបគាត់បានដើររកដែរ តែរកមិនឃើញសោះ។ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែប្អូនថ្លៃរបស់គាត់ បានទូរស័ព្ទមកប្រាប់ថា ប្រទះឃើញសពអណ្តែតទឹក ភ្លាមនោះ គាត់ក៏បានទៅមើល ឃើញថា គឺជាសពប្តីរបស់គាត់មែន។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងតាមពិនិត្យរបស់វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ប្រាកដមែន រួចក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀចបំធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែដោយសារជីវភាពគ្រួសាររបស់ជនរងគ្រោះ មានសភាពទីទ័លក្រ គ្មានលទ្ធភាពធ្វើបុណ្យសពឱ្យប្តី ទើបស្ត្រីជាប្រពន្ធ សម្រេចដឹកសពប្តី ទៅបូជានៅវត្តព្រែកឯង តែម្តង។

ប្រសិនបើបងប្អូនសប្បុរសជន ចង់ចូលរួមរំលែកទុក្ខ ចូលបច្ច័យ សូមទំនាក់ទំនងទៅលេខទូរស័ព្ទកូនស្រីជនរងគ្រោះផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៧០ ៩២៧ ៦១២ ៕

RELATED ARTICLES