Wednesday, November 27, 2024
Homeព័ត៌មានជាតិភ្ជាប់ពាក្យរួច អត់លុយរៀបការ នាំគូដណ្តឹងធ្វើចោរ

ភ្ជាប់ពាក្យរួច អត់លុយរៀបការ នាំគូដណ្តឹងធ្វើចោរ

ខេត្តសៀមរាប ៖ គូស្នេហ៍១គូ ក្រោយពីភ្ជាប់ពាក្យជាមួយគ្នារួច អត់មានលុយកាក់ដើម្បីរៀបការ និងគ្មានមុខរបរ ក៏បែកគំនិតបបួលគ្នាធ្វើចោរ ដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាច្រើនករណី ក្នុងខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម លុះចុងក្រោយ បានចូលទៅលួចលុយនិងទូរស័ព្ទ ពីអ្នកលក់ដូរម្នាក់ បានសម្រេច តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងប្រុសជាប់ ចំណែកខាងស្រី បានរត់គេចបាត់។

ករណីលួចនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចតូបលក់អីវ៉ាន់របស់នារីរងគ្រោះ ស្ថិតក្នុងភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនូ ផល្លីន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកនារីរងគ្រោះ មានឈ្មោះប៉ុន នាងម៉ៃ អាយុ២១ឆ្នាំ មុខរបរអ្នកលក់ដូរ មានលំនៅ ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកអភិបាលស្រុកសូទ្រនិគម និងក្រោមការដឹកនាំជំនាញដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្ក្រាប និងបំបែកករណីអំពើលួច ប្រព្រឹត្តដោយមុខសញ្ញាសកម្ម ដែលធ្លាប់ធ្វើច្រើនករណី ក្នុងខេត្តសៀមរាប កំពង់ធំ និងកំពង់ចាម ដោយចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះនូ ផល្លីន ដែលបានធ្វើសកម្មភាពលួចទូរស័ព្ទនិងប្រាក់ នៅចំណុចតូបលក់អីវ៉ាន់របស់នារីរងគ្រោះឈ្មោះប៉ុន នាងម៉ៃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃ ចំនួន១គ្រឿង និងប្រាក់របស់នារីរងគ្រោះខាងលើប្រាកដមែន ហើយកន្លងមក ខ្លួននិងមិត្តភក្តិ ព្រមទាំងគូដណ្តឹង បានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ បានចំនួន ៣គ្រឿងផងដែរ នៅស្រុកសូទ្រនិគម ក្នុងភូមិសាស្ត្រឃុំពពេល ឃុំតាយ៉ែក និងឃុំសំរោង ស្ថិតនៅក្នុងស្រុកសូទ្រនិគម។ ម៉ូតូទាំង ៣គ្រឿង ដែលពួកគេលួចបាននោះ ខ្លួននិងបក្ខពួក បានយកទៅលក់នៅខេត្តកំពង់ចាម ហើយចាយវាយលុយអស់ហើយ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យ គឺជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់ធ្វើសកម្មភាពលួច ឆក់យ៉ាងសកម្ម គ្មានលំនៅជាក់លាក់នោះទេ ហើយបក្ខពួករបស់គេ មានម្នាក់ជាគូដណ្តឹង រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជាមួយនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ទូរស័ព្ទដៃ ចំនួន១គ្រឿង និងប្រាក់ដែលនៅជាប់នឹងខ្លួនជនសង្ស័យ ចំនួន២៥ម៉ឺនរៀល (ជារបស់ជនរងគ្រោះ) និងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់*ទទួល ជូនជនរងគ្រោះវិញរួចហើយ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES