Thursday, September 19, 2024
Homeព័ត៌មានជាតិធាក់ប្លន់ម៉ូតូ២៥ដង ជាប់ខ្នោះ៥

ធាក់ប្លន់ម៉ូតូ២៥ដង ជាប់ខ្នោះ៥

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម មានគ្នាសរុបចំនួន ១៣នាក់ ដែលជាមុខសញ្ញាធាក់ប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវ យ៉ាងសកម្ម និងធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន ២៥លើករួចមកហើយ ត្រូវបានសមត្ថកិច្ចជំនាញ អធិការដ្ឋាន នគរបាលស្រុកស្អាង បើកប្រតិបត្តិការបង្ក្រាបបានចំនួន ៥នាក់ ជាបន្តបន្ទាប់ ខណៈ ៨នាក់ទៀត កំពុងរត់គេចខ្លួន។

ប្រតិបត្តិការបង្ក្រាបសំបុកក្រុមធាក់ប្លន់ម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង។

ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះសិច ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង និងទី២-ឈ្មោះឡុច ផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

ចំណែកក្រុមជនសង្ស័យ សរុបមានចំនួន ១៣នាក់ រួមមាន ៖ ទី១-ឈ្មោះបុរី គឹមហំ ហៅហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន១លើក រយៈពេល ២ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឡុង ច័ន្ទបូរឬទ្ធិ ហៅជុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ទាំងពីរនាក់ មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៣-ឈ្មោះខុន សឹងហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង (ឃាត់ខ្លួន)។ ទី៤-ឈ្មោះនី សុខឡៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង (ឃាត់ខ្លួន)។ ទី៥-ឈ្មោះធឿន លីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង (ឃាត់ខ្លួន)។ ទី៦-ឈ្មោះសួន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ទី៧-ឈ្មោះហេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ទាំងពីរនាក់មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ ទី៨-ឈ្មោះញ៉ក់ វីរៈជន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (គេចខ្លួន)។ ទី៩-ឈ្មោះនឿន ណៃសេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង (គេចខ្លួន)។ ទី១០-ឈ្មោះម៉ឺន សុភា ហៅម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ទី១១-ឈ្មោះហុង សំណាង ហៅរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ទាំងពីរនាក់មានលំនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ទី១២-ឈ្មោះនឿន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង (គេចខ្លួន)។ ទី១៣-ឈ្មោះឈិន វន ភេទប្រុស មានលំនៅ ភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង (គេចខ្លួន)។

វត្ថុតាងចាប់យក រួមមាន ៖ ម៉ូតូ ចំនួន៦គ្រឿង ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ២-ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF.1563 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនរងគ្រោះ)។ ៤-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-7844 (ជារបស់ជនរងគ្រោះ)។ ៥- ម៉ាកហុងដា ឌ្រីម សេ១២៥ និង៦- ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។ កាំបិតប៉័ងតោចំនួន៣ ដាវ១ ពូថៅ១ ដែកបំពង់មូល ច្នៃជាដំបង២កំណាត់១ ចម្ពាម២ គ្រាប់ឃ្លី មួយចំនួន ដង្កាប់២ កូនសោ៤ ទួរណឺវីស១ ខ្នងម៉ូតូប្រភេទកាំបន្ទះ ពណ៌ស ចំនួន១គូ ក្បាំងម៉ូតូ ប្រភេទសង់ ពណ៌ខ្មៅ ចំនួន៣គូ សំបកកង់ម៉ូតូ ១គូ ពោះវៀនម៉ូតូ១ ផ្លាកកម៉ូតូសង់១ គម្របច្រវាក់ម៉ូតូសង់១ ចង្អើរកណ្តាលម៉ូតូសង់៣ ចង្អើរមុខ ម៉ូតូសង់១ សន្ទះកាទែរម៉ូតូសង់៥ កញ្ចក់មើលក្រោយ ម៉ូតូសង់ ៣គូ ម៉ារ៉ាវេនម៉ូតូសង់២ និងស្លាកលេខ ចំនួន៣។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានជិះម៉ូតូមកពីភ្នំពេញ ទៅផ្ទះ នៅឃុំព្រែកអំបិល  លុះពេលជិះម៉ូតូ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួ ០៣នាក់ (ឈ្មោះបុរី គឹមហំ ហៅហុង ឈ្មោះឡុង ច័ន្ទបូរឫទ្ធិ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល រួចជនសង្ស័យឈ្មោះបុរី គឹមហំ ហៅហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន។ ភ្លាមនោះ ជនរងគ្រោះបានស្រែថា ចោរ!ៗ ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ រត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះឡុង ចន្ទ័បូរឫទ្ធិ ចំណែកជនសង្សយ័ឈ្មោះបុរី គឹមហំ ហៅហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះបុរី គឹមហំ ហៅហុង និងឈ្មោះឡុង ច័ន្ទបូរឫទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានធ្វើការសាកសួរ រហូតបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ បន្ថែមទៀត ដែលជាបក្ខពួក មាន ១-ឈ្មោះខុន សឹងហាក់ ២-ឈ្មោះនី សុខឡៃ និង៣-ឈ្មោះធឿន លីន មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់វ៉ៃប្លន់យកម៉ូតូ នៅតាមផ្លូវ ចំនួន២៥លើកមកហើយ នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ។ ចុងក្រោយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ស្រុកស្អាង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។ នៅពេលធ្វើសកម្មភាពបាន ពួកគេយកម៉ូតូទាំងនោះ ទៅលក់ឱ្យបុរសមិនស្គាល់អត្តសញ្ញាណ នៅខេត្តតាកែវ និងជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES