Wednesday, November 27, 2024
Homeព័ត៌មានជាតិជនសង្ស័យប្លន់សម្លាប់សង្សារ សារភាពថា ស៊ីនំ មិនឱ្យលុយ

ជនសង្ស័យប្លន់សម្លាប់សង្សារ សារភាពថា ស៊ីនំ មិនឱ្យលុយ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជាឃាតករប្លន់សម្លាប់នារីវ័យក្មេងជាសង្សារ យកគ្រឿងអលង្ការ និងម៉ូតូ រួចប្លុងសពចោលនៅក្នុងចម្ការដំឡូង បន្ទាប់មកព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់ជិត១ខែ ទើបត្រូវកម្លាំងសមត្ថកិច្ចជំនាញ តាមចាប់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នោះ បានឆ្លើយសារភាពថា មូលហេតុដែលឈានដល់ការសម្លាប់នារីរងគ្រោះខាងលើ គឺផ្តើមចេញពីករណីស៊ីនំមិនឱ្យលុយ ដោយខ្លួនបាននាំនារីរងគ្រោះ ទៅឱ្យមិត្តភក្តិម្នាក់រួមរ័ក ជាថ្នូរនឹងប្រាក់ ២០ម៉ឺនរៀល តែចុងក្រោយ មិត្តភក្តិម្នាក់នោះ រួមភេទជាមួយនារីរងគ្រោះរួចមិនឱ្យប្រាក់ រួចក៏សម្លាប់នារីរងគ្រោះចោលតែម្តង។

គួរបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា។ លុះមកដល់ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីមានអ្នកប្រទះឃើញសាកសពនារីរងគ្រោះដេកស្លាប់នៅកណ្តាលចម្ការដំឡូង ១កន្លែង ក្នុងសភាពរលួយសាច់អស់ទៅហើយ នៅសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលប៉ុណ្ណោះ។ បន្ទាប់មក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាន នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សារិក ហៅលិ អាយុប្រហែល២២ឆ្នាំ មានលំនៅ ភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា។

ក្រោយពេលត្រូវឃាត់ខ្លួន ជនសង្ស័យជាឃាតករ ឈ្មោះឆៃ សុខា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា “ដើមដំបូង ខ្ញុំបាននិយាយជាមួយម្នាក់ស្រីហ្នឹង (នារីរងគ្រោះ) អានេះវាថាឱ្យ ២០ម៉ឺន ឱ្យស្រីហ្នឹង ទៅដេកជាមួយវា ហើយខ្ញុំក៏នាំមីស្រីហ្នឹងឱ្យវា ហើយខ្ញុំក៏និយាយជាមួយមីស្រីហ្នឹង ថា ម្នាក់ ១០ម៉ឺន ពូអ្នកឌុបទៅ ឱ្យថ្លៃម៉ូតូពូ ១០ម៉ឺនមក ១០ម៉ឺនម្នាក់ រួចក៏ព្រមព្រៀងទៅ។ ទៅដល់អីព្រៃហ្នុង ព្រៃឫស្សីខ្លីហ្នឹង ហើយវាក៏ចូលស៊ីសស៊ុសៗគ្នារួច ក៏ឮមីស្រីជេរ “អាចុយម៉្រាយ អត់ឱ្យលុយអញ!” រួចក៏ឮសំឡេងអ៊ីអ៊ឹៗ លក្ខណៈថាម្នាក់ស្រីហ្នឹងថ្ងូរឮ ហើយខ្ញុំក៏អត់បានទៅមើល ដល់ពេលវាចេញមក ក៏ឃើញដៃវាប្រឡាក់ឈាម ខ្ញុំនិងវាជិះម៉ូតូ ១ម្នាក់ទៅ វាជិះម៉ូតូ១ ខ្ញុំជិះម៉ូតូ១ វាជិះម៉ូតូអ៊ិចសិនទ័រ ពេលជិះចេញទៅហ្នឹង ម៉ោង៣ ខ្ញុំអត់ចាំថ្ងៃទេ ហើយពេលវាចេញមក ដៃវាមានឈាម ហើយវាថា អាម៉ាក អញជ្រុលដៃហើយ វាចង់ស៊ីនំអត់ឱ្យលុយ វាចង់បានហើយ អត់ឱ្យលុយ វាថាអញជ្រុលដៃហើយ ហើយវាឱ្យខ្ញុំ ២០ម៉ឺន រត់ ហើយខ្ញុំក៏ថាអ្ហែងឱ្យអញ ៥ម៉ឺនទៀតមក អញរត់ទៅភូមិអញវិញ…”។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន លេខ០៣ អ.យ.ឃ/២២ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន បានបញ្ជាក់ថា ក្រោយចាប់ខ្លួន កម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង  នៅត្រង់ចំណុចក្នុងចម្ការដំឡូង ១កន្លែង ស្ថិតនៅក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា ដោយសាកសពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅកណ្តាលចម្ការដំឡូង ១កន្លែង ដោយសាកសពមានសភាពរលួយសាច់អស់ទៅហើយ នៅសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីប្រទះឃើញសាកសពនៅក្នុងចម្ការដំឡូង ត្រង់ចំណុចមូលដ្ឋានខាងលើ។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះមកដល់កន្លែងកើតហេតុនៅវេលាម៉ោង ១រសៀល ក៏បានឃើញមានសាកសពដែលបានស្លាប់ប្រហែល ១០ថ្ងៃមកហើយ។

តាមការពិនិត្យស្ថានភាពសាកសព ឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ដឹងថា ជាមនុស្សស្រី អាយុប្រហែល២០ឆ្នាំ ពាក់អាវក្រឡាការ៉ូ ពណ៌លឿង ស្លៀកខោខូវប៊យពណ៌ប្រផេះ។

ក្រោយពីសមត្ថកិច្ចជំនាញសហការគ្នាបើកការស៊ើបអង្កេតនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក៏កំណត់បានអត្តសញ្ញាណនារីរងគ្រោះ និងឈានដល់កំណត់មុខសញ្ញាជនសង្ស័យ ហើយក៏បានតាមចាប់ខ្លួនបាននៅថ្ងៃទី២៦ ខែកក្កដា​ឆ្នាំ២០២២ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES