ខេត្តក្រចេះ ៖ យុវតីវ័យក្មេងរូបូស្រស់ម្នាក់ បានទាញព្រីភ្លើងមកដាក់លើពូក រួចដោតឌុយសាកថ្មទូរស័ព្ទ បន្ទាប់មកក៏ចូលទៅក្នុងបន្ទប់ ទឹក ងូតទឹកបាត់ទៅ លុះងូតទឹករួចហើយចេញមកវិញ ក៏ប្រះខ្លួនដេកលើពូក ដោយភ្លេចគិតថាមានព្រីភ្លើងនៅក្រោមនោះស្រាប់ផង ណាមួយ ដោយសម្លៀកបំពាក់របស់យុវតីរូបនោះនៅសើមផង ទើបបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងមួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអូរត្រូន ស្ថិតក្នុងភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ។
យុវតីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះឃន ស្រីពៅ អាយុ១៧ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង ក្រុមហ៊ុនរ៉ែមាស ស៊ឹងយន្តគ័ងយិក ខូអិលធីឌី មានទីតាំងនៅក្នុងភូមិឃុំកើតហេតុ និងមានលំនៅក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះ បានទាញព្រីភ្លើងមកដាក់លើពូកដេករបស់ ខ្លួន រួចដោតឌុយសាកថ្មទូរស័ព្ទទុកចោល បន្ទាប់មកយុវតីរងគ្រោះ ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក ងូតទឹកបាត់ទៅ។ លុះក្រោយពីងូតទឹករួច យុវតីរងគ្រោះបានផ្លាស់សម្លៀកបំពាក់រួច ដើរចេញមកក្រៅវិញ ហើយក៏បានប្រះខ្លួនដេកទៅលើពូក ដោយភ្លេចគិតថាមានព្រីភ្លើងនៅពីក្រោម ណាមួយដោយសារតែសម្លៀកបំពាក់របស់យុវតីរូបនោះនៅសើមផង ទើបបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងមួយរំពេចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុម គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យជុំវិញទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសពយ៉ាងល្អិតល្អន់ រួចទើបកំណត់បានថា ករណីនេះ យុវតីរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។ មូលហេតុដោយសារតែយុវតីរងគ្រោះស្លៀកខោសើម ហើយដេកលើព្រីភ្លើង បញ្ចូលទូរស័ព្ទ ក៏បណ្តាលឱ្យឆក់ស្លាប់តែម្តង។
សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕