ខេត្តប៉ៃលិន ៖ យុវជនម្នាក់ គ្រាន់តែត្រូវម្តាយស្តីបន្ទោសតិចតួច ស្រាប់តែតូចចិត្តតូចថ្លើម រត់ទៅព្រៃខាងក្រោយផ្ទះចងក សម្លាប់ខ្លួន លុះក្រុមគ្រួសារ បានឃើញ នាំគ្នាជួយស្រាយចំណង ដឹកបញ្ផូនទៅមណ្ឌលសុខភាពសង្គ្រោះភ្លាមៗដែរ តែយឺតពេលទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយ ទួញសោកបោកខ្លួន ឱបសពកូនប្រុសមិនលែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះឯម ភ័ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ ខាងលើ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសួរា ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានការអាក់អន់ចិត្តជាមួយ គ្រួសារបន្តិចបន្តួច ព្រោះត្រូវម្តាយស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ឈានដល់ការគិតខ្លី ដើរទៅចងកនៅព្រៃ ខាងក្រោយផ្ទះរបស់ខ្លួន ធ្វើអត្តឃាត។ ហើយភ្លាមៗនោះដែរ ក៏មានបងប្អូនសាច់ញាតិប្រទះឃើញ ប្រញាប់នាំគ្នាស្ទុះទៅជួយស្រាយចំណង រួចដឹកបញ្ផូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំព្រាល ស្រុកសាលាក្រៅភ្លាមៗដែរ លុះពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ក្រុម គ្រូពេទ្យបានព្យាយាមជួយសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយទួញសោកបោកខ្លួន ឱបសាកសពកូនប្រុស យំស្រណោះគួរឱ្យសង្វេគ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ផាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។/