Wednesday, November 27, 2024
Homeព័ត៌មានជាតិឃាត់កុំឱ្យឈ្លោះគ្នាអត់ស្តាប់ សំពង២ដំបង

ឃាត់កុំឱ្យឈ្លោះគ្នាអត់ស្តាប់ សំពង២ដំបង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ឃើញអ្នកភូមិ២នាក់កើតមានជំលោះជាមួយគ្នា ក៏ចូលទៅឃាត់ ប៉ុន្តែខឹង គេមិនស្តាប់ ក៏ទាញដំបងវាយសំពងទៅលើអ្នកភូមិម្នាក់ ចំនួន២ដំបង បណ្តាលឱ្យរងរបួស ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការ តាមច្បាប់។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្រុមទី៧ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ លុះមកដល់វេលាម៉ោង១ និង០៥នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទើប សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យដែលវាយគូទំនាស់ចំនួន២ដំបង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៅ សុភ័ក្ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះគិន ឆេន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ច បានទទួលពាក្យ បណ្តឹងពីជនរងគ្រោះឈ្មោះគិន ឆេន ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះសៅ សុភ័ក្ក្រ ថាបានប្រើអំពើហិង្សាមកលើខ្លួន (វាយសំពងចំនួន ២ដំបង)។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក នៅវេលាម៉ោង១ និង០៥នាទីរសៀល ថ្ងៃដដែលនោះ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនាំខ្លួនជនសង្ស័យ ឈ្មោះសៅ សុភ័ក្ក្រ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ខ្លួនបានផឹកស្រាបៀរនៅផ្ទះឈ្មោះខេង ភេទប្រុស ដោយមានគ្នា៥នាក់ អស់ស្រាបៀរចំនួនជាង១កេស រហូតដល់វេលា ម៉ោង៦ព្រលប់ថ្ងៃដដែល ខ្លួន និងប្អូនឈ្មោះឆាង (ចាន់ វណ្ណា) ភេទប្រុស បានត្រឡប់ទៅផ្ទះវិញ។ លុះដល់ម៉ោង៨យប់ថ្ងៃដដែលនោះ ខ្លួនបាន ជូនឈ្មោះឆាង ត្រឡប់មកផ្ទះនៅក្បែរផ្ទះឈ្មោះខេង វិញ ពេលនោះខ្លួនឃើញឈ្មោះខេង នឹងឈ្មោះគិន ឆេន (ជនរងគ្រោះ) កំពុងឈ្លោះប្រកែក គ្នា ទើបខ្លួនក៏ចូលទៅឃាត់ តែមិនស្តាប់ ទើបខ្លួនក៏បានយកដំបងឈើមូលវាយទៅលើជនរងគ្រោះចំនួន២ ដំបងបណ្តាលឱ្យរងរបួសត្រង់ខ្នងផ្នែក ខាងឆ្វេង១កន្លែង និងដៃឆ្វេង១កន្លែង របួសស្រាលប្រាកដមែន។

ដោយអនុវត្តតាមបញ្ជារបស់លោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បញ្ជូនមកការិយាល័ជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES