Wednesday, November 27, 2024
Homeព័ត៌មានជាតិផឹកស៊ីទាស់សម្តី ទាញជ្រញ់វ៉ៃរយះក្បាល

ផឹកស៊ីទាស់សម្តី ទាញជ្រញ់វ៉ៃរយះក្បាល

ខេត្តមណ្ឌលគិរី ៖ បុរស ២នាក់ បានជួបជុំគ្នាផឹកស៊ី រហូតដល់ស្រវឹងជោក ក៏ចាប់ផ្តើមកើតមានជុម្លោះពាក្យសម្តីនឹងគ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាង បានស្ទុះទាញជ្រញ់វាយគូទំនាស់ ចំកណ្តាលក្បាល បណ្តាលឱ្យបែករយះក្បាល រងរបួសយ៉ាងធ្ងន់ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចស្រែតាអង ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក។ រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ជនរងគ្រោះដែលត្រូវគូទំនាស់វាយនឹងជ្រញ់ បណ្តាលរយះក្បាលនោះ មានឈ្មោះអង ជី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈឿង ខេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះអង ជី ដែលប្តឹងពីករណីហិង្សានៅចំណុចស្រែតាអង ស្ថិតក្នុងភូមិជីក្លប់ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីយប់ ដោយជនរងគ្រោះឈ្មោះអង ជី បានអះអាងថា ត្រុវបានឈ្មោះឈឿង ខេន យកជ្រញ់វាយចំពីលើក្បាលរបស់គាត់ បណ្តាលឱ្យបែកប្រវែង ៦សង្ទីម៉ែត្រ ជម្រៅប្រហែល ២សង់ទីម៉ែត្រ។

ក្រោយពីទទួពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត បានហៅជនដៃដល់មកប៉ុស្តិ៍ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ ដោយជ្រញ់ប្រាកដមែន។ ចំពោះមូលហេតុដែលនាំឱ្យកើតជាហិង្សានេះ ព្រោះតែផឹកស្រាស្រវឹងរៀងៗខ្លួន ហើយក៏កើតទំនាស់ពាក្យសម្តីគ្នា។

ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍ បានធ្វើកំណត់ហេតុ បញ្ជូនជនដៃដល់ ទៅអធិការដ្ឋានស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES