ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពប្រើកាំភ្លើងជ័រ និងកាំបិតប៉័ងតោ ចូលទៅភ្ផង់គំរាមប្លន់លុយពីហាង អ៊ីនធើណេត ចំនួន២កន្លែងផ្សេងគ្នា ដោយប្រមូលបានប្រាក់ប្រមាណជាង១៥០០ដុល្លារ រួចព្យាយាមរត់គេចខ្លួន អស់រយៈ ពេលប្រមាណ១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនបានទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់ និងត្រូវ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស។
ជនសង្ស័យទាំង២នាក់ ដែលប្រើកាំភ្លើងជ័រ និងកាំបិតប៉័ងតោ ប្លន់លុយហាងអ៊ីនធើណេត និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយក់ ប្រាវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ និងទី២-ឈ្មោះមិត្ត វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ជាមួយគ្នា។
គួររំលឹកថា កាលពីវេលាម៉ោងប្រហែល៤ និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ មានករណីជនសង្ស័យមួយក្រុម បានចូលធ្វើសកម្មភាព ដោយប្រើកាំភ្លើងជ័រ និងកាំបិតភ្ជង់គំរាមប្លន់ជនរងគ្រោះយកប្រាក់ប្រមាណ ១៥០០ដុល្លារ ដែលប្រព្រឹត្តនៅចំណុចកន្លែង អ៊ីនធើណេតមួយកន្លែង ត្រង់ចំណុចផ្ទះលេខ១៥២ ផ្លូវលេខ២៥៥ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយករណីទៀត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានប្លន់នៅភូមិសន្សំកុសល សង្កាត់សន្សំកុសល ខណ្ឌមានជ័យ។
ក្រោយពេលកើតមានអំពើប្លន់នោះ និងទទួលបានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បើកការស៊ើបអង្កេត និង ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យប្លន់នោះបានចំនួន២នាក់ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ។
សំណុំរឿងខាងលើនេះ ក៏បានស្ថិតនៅស្ថាប័នអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ រួចចាត់បញ្ជូនទៅចៅក្រមសម្រេច ឃុំខ្លួន ជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២ ដើម្បីរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់។/