ខេត្តកំពត ៖ យុវតី ១ក្រុម បាននាំគ្នាទៅដើរទៅលេងនៅក្បែររណ្តៅដី ជើងភ្នំមួយកន្លែង លុះក្រោយមក យុវតីម្នាក់ បានចុះទៅលាងជើង ស្រាប់តែរអិលជើងធ្លាក់ចូលទឹក ឃើញបែបនេះ យុវតីម្នាក់ទៀត ក៏ស្ទុះទៅជួយចាប់ទាញដៃឡើងមកលើគោកវិញភ្លាមដែរ តែទាញឡើងមិនរួច បែរជាធ្លាក់ចូលទឹក លិចបាត់ខ្លួនទាំង២នាក់ អស់រយៈពេលប្រមាណ ១ម៉ោង ទើបរាវរកឃើញ តែអកុសល យុវតីទាំង២នាក់ បានស្លាប់បាត់ទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចរណ្តៅដី មួយកន្លែង ក្បែររោងចក្រផលិតស៊ីម៉ងត៍ ខេស៊ីមេន ស្ថិតក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។
ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះម៉ៅ ស្រីទិត្យ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស និងទី២-ឈ្មោះមុំ បូរមី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស។
តាមសម្តីយុវជនម្នាក់ដែលជាអ្នករួមដំណើរជាមួយគ្នា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលពួកគេនាំគ្នាដើរដល់រណ្តៅដី ក្បែរជើងភ្នំ យុវតីម្នាក់ បានចុះលាងជើង ហើយចៃដន្យបានរអិលធ្លាក់ចូលទឹក។ ភ្លាមៗ យុវតីម្នាក់ទៀត បានស្ទុះទៅចាប់ដៃទាញឡើងមកវិញដែរ តែទាញមិនរួច ទើបធ្លាក់ទឹកជាមួយគ្នាតែម្តង។
យុវជនខាងលើ បន្តថា ឃើញភាពបែបនេះ រូបគេក៏ព្យាយាមជួយណាស់ដែរ តែមិនអាចជួយបាន ទើបយុវតីទាំងពីរនាក់ បានលិចបាត់ក្នុងទឹកតែម្តង។ បន្ទាប់មក រូបគេក៏ប្រញាប់រត់ទៅហៅអ្នកភូមិ ឱ្យមកជួយរាវរក អស់រយៈពេលប្រហែល ១ម៉ោង ទើបរាវរកសពទាំងពីរនាក់ ឃើញ នៅបាតរណ្តៅ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ពោលគឺមិនមែនជាអំពើឃាតកម្មបង្កឡើងដោយជនណាម្នាក់ឡើយ។
សពយុវតីទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕