Tuesday, May 21, 2024
Homeព័ត៌មានជាតិភ្ជង់ប្លន់ម៉ូតូ ជាប់ខ្នោះ៣នាក់

ភ្ជង់ប្លន់ម៉ូតូ ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ នារីម្នាក់ ទើបនឹងចេញពីធ្វើការរោងចក្រវេនយប់ ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ត្រូវជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង មកបំបុក បណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមនោះ ជនសង្ស័យម្នាក់ បានស្ទុះចុះទាញកាំបិតប៉័ងតោ មកភ្ជង់គំរាមនារីរងគ្រោះ មិនឱ្យស្រែក បន្ទាប់មកក៏លើកម៉ូតូនារីរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល លុះជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចបើកការស្រាវជ្រាវអស់រយៈពេល ៣ម៉ោង ក៏ឈានដល់ការចុះទៅក្របួចក្រុមជនសង្ស័យទាំង៣នាក់ ដល់ក្នុងបន្ទប់ជួល។

ករណីភ្ជង់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខបន្ទាយទាហាន ៩១១ សង្កាត់កំបូល ខណ្ឌកំបូល។ លុះមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃដដែល សមត្ថកិច្ចជំនាញបានស្រាវជ្រាវចុះចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ទាំង៣នាក់ ដល់បន្ទប់ជួល ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសន សុខា ហៅជឺត។ ទី២-ឈ្មោះអែម សុវ៉ាត់ និងទី៣-ឈ្មោះយ៉ែម ពិសី។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លោកអធិការរង បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នារីរងគ្រោះឈ្មោះជួន ចាន់ណា បានជិះម៉ូតូ ១គ្រឿង ម៉ាកប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2453 លេខតួ 9084931 លេខម៉ាស៊ីន 9039979 ចេញពីធ្វើការរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅសង្កាត់កន្ទោក ត្រឡប់ទៅផ្ទះស្នាក់នៅវិញ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ពេលជិះម៉ូតូដល់ចំណុចមុខបន្ទាយទាហាន៩១១ សង្កាត់កំបូល ក៏មានក្រុមជនសង្ស័យបានធ្វើសកម្មភាពបើកម៉ូតូមកបុកម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួល ហើយក្រុមជនសង្ស័យបានយកកាំបិតចេញពីកាបូបស្ពាយ មកភ្ជង់ជនរងគ្រោះគំរាមមិនឱ្យស្រែក រួចហើយជនសង្ស័យ ឈ្មោះយ៉ែម ពិសី បានទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន។ ក្រោយមក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ដើម្បីឱ្យជួយអន្តរាគមន៍។

លោកអធិការរង បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ទើបឈានទៅបង្ក្រាបបានជនសង្ស័យទាំង៣នាក់ ខាងលើតែម្តង រួមទាំងដកហូតម៉ូតូ ចំនួន២គ្រឿង ម៉ាកប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 (ជារបស់ជនរងគ្រោះ) និងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-4368 លេខតួលេខម៉ាស៊ីន 8339136 (ជារបស់ជនសង្ស័យ ឈ្មោះសន សុខា ហៅជឺត) និងកាំបិតចំនួន១ (ជារបស់ជនសង្ស័យឈ្មោះអែម សុវ៉ាត់)។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង៣នាក់ បានឱ្យដឹងថា ពួកគេទាំង៣នាក់បានរៀបចំគម្រោងប្លន់ ដោយឈ្មោះសន សុខា ហៅជឺត ជាបើកម៉ូតូនាំមុខ ចំណែកឈ្មោះអែម សុវ៉ាត់ បើកម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ប្រផេះ មិនចាំស្លាកលេខ (ជារបស់មិត្តភក្តិឈ្មោះអែម សុវ៉ាត់) បើកបិទគូទពីក្រោយ។ មុនកើតហេតុ ពួកគេទើបចេញពីស៊ីមីឆា ម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មក ឈ្មោះសន សុខា ហៅជឺត បានបបួលឈ្មោះយ៉ែម ពិសី និងឈ្មោះអែម សុវ៉ាត់ ចេញញរកលុយ ដោយឈ្មោះសន សុខា ហៅជឺត បាននិយាយថា ខ្លួនជាអ្នកបើកម៉ូតូបុកជនរងគ្រោះឱ្យដួល.. ហើយឱ្យឈ្មោះយ៉ែម ពិសី ជាអ្នកចុះលើកម៉ូតូរបស់ជនរងគ្រោះជិះ និងឈ្មោះអែម សុវ៉ាត់ ជាអ្នកកាន់កាំបិតភ្ជង់ជនរងគ្រោះ គំរាមយកម៉ូតូ។

ពេលនិយាយគ្នារួច ជនសង្ស័យឈ្មោះសន សុខា ហៅជឺត បានបើកម៉ូតូនាំមុខ ចំណែកឈ្មោះ យ៉ែម ពិសី បានជិះម៉ូតូជាមួយជនសង្ស័យឈ្មោះ អែម សុវ៉ាត់ តាមពីក្រោយ រហូតដល់ចំណុចមុខបន្ទាយទាហាន៩១១ ផ្លូវបេតុង សង្កាត់កំបូល ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ចំនួន១គ្រឿង ម៉ាកប៊ីត នៅពីមុខម៉ូតូរបស់ក្រុមជនសង្ស័យ ដោយមានសភាពស្ងាត់ ក្រុមជនសង្ស័យបានជិះម៉ូតូតាមពីក្រោយ រហូតដល់ចំណុចផ្លូវកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ជនសង្ស័យឈ្មោះសន សុខា ហៅជឺត បានធ្វើសកម្មភាពបើកម៉ូតូបុកម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យដួល ហើយជនសង្ស័យឈ្មោះអែម សុវ៉ាត់ បានបើកម៉ូតូទៅដល់ដែរ ហើយចុះពីលើម៉ូតូ យកកាំបិតចេញពីកាបូបស្ពាយ មកភ្ជង់ជនរងគ្រោះ គំរាមមិនឱ្យស្រែក រួចជនសង្ស័យឈ្មោះយ៉ែម ពិសី បានចុះពីលើម៉ូតូ ទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនត្រឡប់ទៅបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះសន សុខា ហៅជឺត វិញ។ ស្រាប់តែរយៈពេលប្រមាណ ៣ម៉ោងក្រោយមក ក៏មានកម្លាំងសមត្ថកិច្ច ចុះមកចាប់ពួកគេដល់បន្ទប់ជួលតែម្តង។

ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES