ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ កំពុងដើរចុះឡើងនៅក្បែរតុបាយក្នុងផ្ទះរបស់ខ្លួន ស្រាប់តែត្រូវសត្វពស់វែក ១ក្បាល មិនដឹងលូនចូលសម្ងំនៅក្នុងផ្ទះ តាំងពីពេលណា បានចឹក បណ្តាលឱ្យចុកចាប់យ៉ាងខ្លាំង តែនឹកស្មានថាត្រូវសត្វឆ្មាខាំ លុះឪពុកម្តាយឆួលភ្លើងរកមើល មិនឃើញ ឆ្មា បែរជាឃើញសត្វពស់វែកដំបូក ១ក្បាល យ៉ាងធំ នៅក្រោមតុ ទើបដឹងថា កូនប្រុសត្រូវពស់ចឹក ក៏វាយសព្វពស់នោះរហូតដល់ងាប់ រួចប្រញាប់ដឹកបញ្ជូនកូនប្រុស ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត។
ហេតុការណ៍គ្រោះថ្នាក់ ពស់វែកចឹកក្មេងប្រុសនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ។
ក្មេងប្រុសរងគ្រោះដែលត្រូវពស់វែកចឹក មានឈ្មោះឈួន បញ្ញា អាយុ១១ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ចំណែកសត្វពស់ដែលចឹកក្មេងប្រុសរងគ្រោះ ជាប្រភេទពស់មានពិសខ្លាំង (ពស់វែកដំបូក)។
លោកឈួន ដោងរិទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ថា កូនប្រុសរបស់គាត់ដែលរងរបួសត្រូវបានពស់វែកចឹក មានឈ្មោះឈួន បញ្ញា អាយុ១១ឆ្នាំ ។ មុនពេលកើតហេតុ កូនប្រុសរបស់គាត់បានដើរចុះឡើងក្នុងផ្ទះ ក្បែរតុបាយ ស្រាប់តែត្រូវពស់វែកដំបូក មួយក្បាល ប៉ុនមេជើង មិនដឹងលូនចូលផ្ទះពីថ្មើរណា បានចឹកចំខ្នងជើងខាងស្តាំតែម្តង។ ក្រោយពីត្រូវពស់ចឹក កូនប្រុសរបស់គាត់បានស្រែកប្រាប់ថា សត្វឆ្មាខាំខ្ញុំហើយ ព្រោះឮសំឡេងវ៉ាវ ភ្លាមនោះគាត់ក៏ឆួលភ្លើង រកមើលសត្វឆ្មា តែរកពុំឃើញសត្វឆ្មានៅក្បែរនោះសោះ ទើបនឹកសង្ស័យ ក៏បើកឈើនិងកម្ទេចកម្ទីផ្នែកខាងក្រោមតុបាយនោះមើល ស្រាប់តែប្រទះឃើញសត្វពស់វែកដំបូក ១ក្បាល កំពុងបើកពពារយ៉ាងសាហាវ។ ភ្លាមៗនោះ គាត់ក៏វាយសត្វពស់ពិស ១ក្បាលនោះ រហូតងាប់ ទើបបញ្ជូនកូនប្រុសមកមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ប៉ុន្តែដោយសារនៅមន្ទីរបង្អែកនោះ ពុំមានសម្ភារ:គ្រប់គ្រាន់ ទើបក្រុមគ្រូពេទ្យបានជួយសម្រួលបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ។
បុរសជាឪពុក បានបញ្ជាក់ទៀតថា បច្ចុប្បន្ន រូបគាត់និងប្រពន្ធ កំពុងសម្រាកកំដរកូនប្រុសរងរបួស ខណៈក្រុមគ្រូពេទ្យ កំពុងព្យាល ហើយកូនប្រុសរបស់គាត់ក៏ធូរស្រាលហើយដែរ នៅឈឺតែមុខរបួស (កន្លែងពស់ចឹក) ប៉ុណ្ណោះ។ ក្នុងនោះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានមើលថែនិងជួយសង្គ្រោះជីវិតកូនប្រុសរបស់គាត់។
បុរសជាឪពុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បង្កើនការប្រយ័ត្នផ្ទះសម្បែងរៀងខ្លួន ដែលមានស្មៅដុះច្រើន និងមានគំនរសម្ភារ:ក្នុងផ្ទះច្រើន មេត្តាឧស្សាហ៍បោសសម្អាតញឹកញាប់ ជាពិសេសជាងនេះ អ្នករស់នៅក្បែរៗអូរ ឬស្ទឹងជាដើម មានគាត់ជាគំរូតែម្តង។
ដោយឡែក ក្រុមគ្រូពេទ្យជំនាញ បានណែនាំថា បើត្រូវសត្វពស់ពិសខាំ ឬចឹក កុំយកវត្ថុផ្សេងៗបិទលើមុខរបួសឱ្យសោះ ហើយត្រូវលួងជនរងគ្រោះ កុំឱ្យដេក រួចប្រញាប់ដឹកបញ្ជូនមកមន្ទីរពេទ្យ ជាបន្ទាន់ និងត្រូវដឹងអំពីប្រភេទពស់ពិសនោះថែមទៀត កាន់តែល្អ ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះ៕