Thursday, November 28, 2024
Homeព័ត៌មានជាតិយុវជនមានស្នាមសាក់ ស្លាប់អណ្តែតទឹក

យុវជនមានស្នាមសាក់ ស្លាប់អណ្តែតទឹក

ខេត្តកណ្តាល ៖ សាកសពយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានស្នាមសាក់លើដៃ K BOY  ត្រូវបានប្រជាពលរដ្ឋប្រឃើញអណ្តែតតាមដងទន្លេបាសាក់ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពអណ្តែតទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ មកថា បានប្រទះឃើញសាកសពអណ្តែតទឹក ក្នុងដងទន្លេបាសាក់។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យជាក់ស្តែង។

បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការជាមួយជំនាញកោសល្យវិច័យ អាជ្ញាធរឃុំ និងពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសព ឃើញថា សាកសពជាមនុស្សប្រុស កម្ពស់ប្រហែល ១,៦៥ម៉ែត្រ សក់ត្រង់ ស្លៀកខោខូវប៊ូយជើងវែងពណ៌ខៀវ ម៉ាក លីវ៉ាយ។ ផ្នែកក្បាល មានសភាពធម្មតា ក្នុងមាត់ មានដី ដងខ្លួនធម្មតា ពោះតឹង ដៃខាងស្តាំមានសាក់រូបនាគ នៅដើមដៃ (ពណ៌ក្រហម ខ្មៅ) កំភួនដៃ មានអក្សរសាក់ K BOY ប្រដាប់ភេទហើម នៅកំភួនជើងខាងឆ្វេង មានអក្សរសាក់ LYM របកស្រោមដៃនិងជើង មិនអាចយកក្រយៅដៃបាន ។

ជុំវិញករណីខាងលើនេះ ក្រុមការងារសមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារការលង់ទឹក។

សាកសពខាងលើ ត្រូវបានកប់ជាបណ្តោះអាសន្ន នៅក្រោយសាលាឃុំឈើទាល រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES