ខេត្តបន្ទាយមានជ័យ ៖ យុវជន ២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នា ឮតែសំឡេងសើចក្អាកក្អាយ លុះក្រោយពីផឹកស្រវឹងធ្លាក់ ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តី ឌឺដងដាក់គ្នា រហូតឈានដល់ផ្ទុះជម្លោះ ក្លាយជាអំពើហិង្សា ដោយភាគីម្ខាង ទប់ចិត្ត មិនបាន ស្ទុះទៅដាល់គូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសបែកមុខ ទីបំផុតត្រូវកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវេទិកាសួនមានជ័យ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលវាយគូទំនាស់ បណ្តាលឱ្យរងរបួស និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះថង ប៊ុនហេង ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះ មានឈ្មោះប្លែក សំរេច ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅក្រុងសិរីសោភ័ណ (រងរបួសផ្ទៃមុខ)។
លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវេទិកាសួនមានជ័យ មានករណីហិង្សាបានកើតឡើងដែលបង្កដោយឈ្មោះថង ប៊ុនហេង បានវាយទៅលើជនរងគ្រោះឈ្មោះប្លែក សំរេច បណ្តាលឱ្យរងរបួសមុខ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានករណីហិង្សាដោយចេតនាខាងលើ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនបង្កហេតុឈ្មោះថង ប៊ុនហេង ភ្លាមៗ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថង ប៊ុនហេង បានឱ្យដឹងថា មូលដែលបង្ករបួសស្នាមទៅលើជនរងគ្រោះ ព្រោះតែផឹកស៊ីជាមួយគ្នា ហើយស្រវឹង ក្លែមពាក្យសម្តី ទើបអត់ទ្រាំមិនបាន វាយប្រាវតែម្តង។
ក្រោយសាកសួរ មន្ត្រីអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕