Thursday, November 28, 2024
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្តីវ៉ៃរត់ចោលផ្ទះ ទុកកូនឲ្យស្លាប់ ចាប់ឪដាក់គុក

ប្រពន្ធកូនខ្ចី ប្តីវ៉ៃរត់ចោលផ្ទះ ទុកកូនឲ្យស្លាប់ ចាប់ឪដាក់គុក

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ ទើបនឹងសម្រាលកូនបាន ១ខែ ត្រូវបុរសជាប្តីកំណាច ប្រើអំពើហិង្សាវាយតប់ និងថែមទាំងគំរាមសម្លាប់ចោលទៀតផង រហូតធ្វើឱ្យស្ត្រីជាប្រពន្ធភ័យខ្លាច ក៏រត់ចោលផ្ទះ ចោលទាំងកូនតូចអាយុ១ខែ ដែលកំពុងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ  ទុកឱ្យប្តីមើលថែ តែអកុសល កូនតូចបានបាត់បង់ជីវិតទៅ បន្ទាប់មក សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តី ​នាំយកទៅសាកសួរ។

ហេតុការណ៍ឃាត់ខ្លួនបុរសជាប្តីនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ។

ទារិកាអភ័ព្វដែលកំពុងមានជំងឺធ្ងន់ ត្រូវម្តាយរត់ចោល ទុកឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះសៀក លីគ័ង្គ អាយុ១ខែ។ ចំណែកជនសង្ស័យជាឪពុកដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀក ទ្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំង ទន្ទឹម ឃុំពោធិ៍ចម្រើនន ស្រុកបរសេដ្ឋ។

តាមប្រភពពីសមត្ថកិច្ចស្រុកបរសេដ្ឋ បានឱ្យដឹងថា កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាប្តីម្នាក់ ដែលតែងតែប្រើអំពើហិង្សាលើប្រពន្ធ រហូតប្រពន្ធបានរត់ចោលផ្ទះ ទុកកូនស្រីតូចអាយុមួយខែ មានជំងឺរលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់ ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យអង្គការមួយ នៅក្នុងខេត្តតាកែវ។

តាមប្រភពពីសាច់ញាតិ បានឱ្យដឹងថា បុរសខាងលើ កន្លងមកតែងតែគំរាម និងប្រើហិង្សាលើប្រពន្ធឈ្មោះណែម សារ៉ាន់ អាយុ៣៩ឆ្នាំ រហូតដល់ប្រពន្ធធ្លាប់ប្តឹងសមត្ថកិច្ចម្តងជាពីរដងរួចមកហើយ តែប្តីនេះហាក់មិនខ្លាចរអាអ្វីសោះ ទើបនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យជាប្តី បានរករឿងឈ្លោះ វាយដំ ព្រមទាំងគំរាមកំហែងលើស្ត្រីជាប្រពន្ធសាជាថ្មី ធ្វើឱ្យស្ត្រីជាប្រពន្ធ មានការភ័យខ្លាច ក៏បានរត់ចោលផ្ទះ ទុកកូនតូចដែលមានជំងឺនោះ នៅជាមួយជនសង្ស័យ លុះក្រោយមក កូនតូចត្រូវជំងឺធ្វើទុក្ខ ក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាលដែរ តែសង្គ្រោះមិនបាន ក៏បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ទើបសមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ សាកសួររកហេតុផល ដឹងរឿងរ៉ាវច្បាស់ ក៏ធ្វើការឃាត់ខ្លួនបុរសជាប្តីខាងលើ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES