ខេត្តឧត្តរមានជ័យ ៖ នារីវ័យក្មេងម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងម្តាយ និងក្រុមគ្រួសារបន្តិចបន្តួច ស្រាប់តែតូចចិត្តតូចថ្លើម រហូតដល់បែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។
នារីដែលចងកបញ្ចប់ជីវិតខ្លួនឯងនោះ មានឈ្មោះយឿន សុខគា អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលព្រះប្រឡាយ ថា មានករណីចងកធ្វើអត្តឃាត កើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ និងពិនិត្យសពភ្លាមៗ។
សមត្ថកិច្ចជំនាញ បានបន្តថា ការពិនិត្យកន្លែងកើតហេតុ ឃើញថា មានការប្រែប្រួលដោយសារសាច់ញាតិចូលទៅស្រាយចំណង ដឹកបញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល នារីរងគ្រោះបានស្លាប់ មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកនៅលើខ្លួនប្រាណសព ពុំមានស្លាកស្នាមសង្ស័យជាអំពើឃាតកម្មឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងយោងលើការបំភ្លឺរបស់ញាតិ បញ្ជាក់ថា នារីរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ទាស់ទែងពាក្យសំដីក្នុងគ្រួសារ។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ប៊ុនថេត