ខេត្តកោះកុង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិមិនប្រក្រតី និងឧស្សាហ៍ដើរវង្វេងបាត់ពីផ្ទះ ចំនួន៥ដងមកហើយ តែមិនដែលមានបញ្ហាអ្វីឡើយ តែងត្រូវបានក្រុមគ្រួសារតាមរកឃើញវិញ លុះចុងក្រោយ បានពីដើរវង្វេងផ្ទះ ជាលើកទី៦ ស្រាប់តែត្រូវបានប្រទះឃើញស្លាប់អណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បែរឆ្នេរមាត់ព្រែកកំពង់ស្តាំ ស្ថិតក្នុងភមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
បុរសរងគ្រោះ មានឈ្មោះនឿន គា ភេទប្រុស អាយុ៤១ឆ្នាំ ជាមនុស្សមានសតិមិនល្អ មានលំនៅ ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីអនុប្រធានភូមិ ឈ្មោះយុន គិក បានរាយការណ៍ប្រាប់ថា មានសពអណ្តែតទឹក ស្ថិតក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយសពនេះ ត្រូវបងប្អូនសាច់ញាតិ និងក្រុមគ្រួសារ ដើររកឃើញ នៅអណ្តែតទឹក ក្បែរឆ្នេរមាត់ព្រែកកំពង់ស្តាំ។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្តីរបស់គាត់ (សព) ជាមនុស្សមានសតិមិនប្រក្រតី និងធ្លាប់មានជំងឺវង្វេង ដើរបាត់ពីផ្ទះ ចំនួន៥ដងរួចមកហើយ ប៉ុន្តែមិនដែលកើតអ្វីនោះទេ តែងត្រូវបានក្រុមគ្រួសារតាមរកឃើញវិញដោយសុវត្ថិភាពរហូត។ លុះមកដល់វេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ប្តីគាត់បានដើរវង្វេងបាត់ពីផ្ទះ ជាលើកទី៦ និងត្រូវបានក្រុមគ្រួសារចេញតាមរកដែរ តែមិនឃើញសោះ។ រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែឃើញសពប្តីរបស់គាត់អណ្តែតទឹក ក្បែរច្រាំង ស្ថិតនៅភូមិកំពង់ស្តាំ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានករណីឃាតកម្មឡើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យស្ត្រីជាប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕