Tuesday, November 26, 2024
Homeព័ត៌មានជាតិជំនឿលើបារមីបងស្រីនៅថៃ ផ្អើលដល់ខ្មែរ រងការរិះគន់ពីអ្នកជាតិនិយម

ជំនឿលើបារមីបងស្រីនៅថៃ ផ្អើលដល់ខ្មែរ រងការរិះគន់ពីអ្នកជាតិនិយម

ថៃ-កម្ពុជា ៖ ថ្មីៗនេះ មានការផ្អើលតៗគ្នាពីរឿងជំនឿលើបារមីបងស្រី នៅថៃ ផ្អើលដល់បងប្អូនខ្មែរមួយចំនួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសថៃ នាំគ្នាបន់ស្រន់ បួងសួងសុំពរ ឬបំណងប្រាថ្នាផ្សេងៗ រហូតមានការរិះគន់ពីអ្នកជាតិនិយមមួយចំនួនថា បារមីវត្ថុស័ក្តិសិទ្ធិនៅកម្ពុជា មានច្រើនមិនខ្វះ តែខ្មែរមួយចំនួន មិនជួយផ្សព្វផ្សាយ បែរជាជួយផ្សព្វផ្សាយឲ្យប្រទេសជិតខាងទៅវិញ។

សូមបញ្ជាក់ថា ថ្មីៗនេះ ជាពិសេសចាប់ពីថ្ងៃទិ៣០ ខែកក្កដា​ ឆ្នាំ២០២២ មក នៅទីក្រុងបាងកក ប្រទសថៃ មានការផ្អើលតៗគ្នា ពីជំនឿទៅលើបារមីបងស្រី មួយអង្គ ថា បួងសួង បន់ស្រន់ ប្រាថ្នាសុំអ្វីៗផ្សេងៗ បានសម្រេចដូចបំណង យ៉ាងស័ក្តិសិទ្ធិ ជាពិសេសសុំលេខឆ្នោត រហូតផ្អើលដល់បងប្អូនខ្មែរមួយចំនួន ទាំងនៅប្រទេសថៃ និងនៅកម្ពុជា ដោយមានការផ្សាយផ្ទាល់ពីទីតាំងបារមីបងស្រី ក្នុងប្រទេសថៃ នោះ ឲ្យបងប្អូនខ្មែរនៅក្នុងប្រទេស បន់ស្រន់សុំពរ ឬក្តីប្រាថ្នាផ្សេងៗ ផ្អើលតៗគ្នា ពេញបណ្តាញសង្គម ហ្វេសប៊ុក។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានប្រាជាជនថៃ ជាច្រើន បានតម្រង់ជួរ ដើម្បីរង់ចាំក្រាបថ្វាយបង្គំតុក្កតាឈើ មួយអង្គ នៅក្រោមដើមពោធិ៍មួយដើម ក្បែរហាង B-Story Garden Cafe & Restaurants ដែលគេហៅថា «បារមីបងស្រី» នៅបរិវេណចិញ្ចើមផ្លូវលៀបឌួន រាមឥន្ទា្រ សយប្រតិស្ឋមនូធម្ម២៣ ខេត្តឡាតប្រាវ ទីក្រុងបាងកក រហូតផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ច ចុះមករៀបចំសណ្តាប់ធ្នាប់  ដោយបានដាក់ស្លាកកំណត់ពេលឲ្យចូលថ្វាយបង្គំបារមីបងស្រី ជា២ពេល គឺពេលព្រឹក ចាប់ពីម៉ោង ៩និង០០នាទី ដល់ម៉ោង ១៣ និង០០នាទី និងពេលល្ងាច ចាប់ពីម៉ោង ២០ និង០០នាទី ដល់ម៉ោង ២៤និង០០នាទីយប់។

បើតាមប្រជាជនថៃ ដែលតម្រង់ជួររង់ចាំថ្វាយបង្គំបារមីបងស្រីនោះ បានឲ្យដឹងថា ពួកគេមានជំនឿតៗគ្នាពីមនុស្សមួយចំនួន ដែលជឿថា មកសុំពរពីបារមីបងស្រី បានដូចបំណងប្រាថ្នា ជាពិសេស សុំលេខឆ្នោត ឆុតណាស់ ទើបផ្អើលនាំគ្នាមក ដោយត្រៀមនូវផ្កាពណ៌ស និងទូរស័ព្ទ ដើម្បីថតរូបបារមីបងស្រីគ្រប់ៗគ្នា។ ចំណែកនៅបរិវេណក្បែរៗនោះ ក៏មានឈ្មួញដាក់លក់ឆ្នោត ជាង១០កន្លែង ។

តាមប្រភពថា ដើមហេតុដែលនាំឲ្យមានការផ្អើលពីជំនឿលើបារមីបងស្រី ខាងលើនេះ គឺដំបូងមានជាងសំណង់ដែលម្ចាស់ហាងបានជួលមកសាងសង់ហាង បានបន់ស្រន់នៅទីនោះ សុំលេខឆ្នោត ក៏ចាក់ត្រូវ បានលុយយ៉ាងច្រើន ហើយក្រោយមក ម្ចាស់ហាង បានឲ្យជាងកាប់ដមពោធិ៍នោះចោល តែជាងមិនព្រមកាប់ទេ ដោយប្រាប់ថា មានបារមីនៅដើមពោធិ៍នោះ ពូកែស័ក្តិសិទ្ធិណាស់ ដោយគាត់សុំលេខឆ្នោត ត្រូវរង្វាន់ធំទៀតផង។ ក្រោយមកក៏មានការផ្អើលតៗគ្នា ដោយមនុស្សម្នានាំគ្នាមកតម្រង់ជួរ បន់ស្រន់សុំលេខឆ្នោត ឬប្រាថ្នាអ្វីផ្សេងៗ ជាហូរហែ ហើយនៅពេលបានសម្រេចដូចបំណងប្រាថ្នា កែក៏នាំគ្នាយកគ្រឿងតង្វាយមកថ្វាយបារមី ដែលបារមីបងស្រី ចូលចិត្ត ដូចជា អង្កាំគច់ខ្ចង មកុដ គ្រឿងអលង្ការភ្លឺៗពណ៌ស និងផ្កាពណ៌ស ជាដើម។

ស្របពេលមានការផ្អើលជឿតាមគ្នានៅប្រទេសថៃ បែបនេះ ក៏មានបងប្អូនជនជាតិខ្មែរ ដែលទៅទិញទំនិញពីប្រទេសថៃ យកមកលក់ បានទៅដល់ទីតាំងបារមីបងស្រី និងផ្សាយផ្ទាល់ (Live) ឲ្យបងប្អូននៅក្នុងប្រទេសកម្ពុជា បន់ស្រន់សុំពរជ័យ ឬក្តីប្រាថ្នាអ្វីផ្សេងៗ ហើយក៏មានបងប្អូនជនជាតិខ្មែរ មួយចំនួន បានទៅដល់ទីតាំងនោះផ្ទាល់ទៀតផង។

ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឧកញ៉ាសម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងភរិយា បានទៅដល់ទីតាំងបារមីបងស្រីនោះផងដែរ ដោយលោកថា «បានមកដល់កន្លែងបងស្រីស្អាត មនុស្សម្នាមកបន់ស្រន់ច្រើនណាស់ ពិតជាស័ក្តិសិទ្ធិដូចគេល្បីមែន គេថាបានផលក្នុងពេល ២៤ម៉ោង ក្រោយពីសុំពរជ័យ។ ខ្ញុំបានផលត្រឹមរយៈពេលកន្លះម៉ោង ក្រោយពីបុណ្យស្រន់។ បងប្អូនមិនជឿ កុំជឿ បើបងប្អូនជឿ សាកល្បងដើម្បីដឹងខ្លួនឯង»។

យ៉ាងណា ឧកញ៉ាសម្បត្តិ បានបញ្ជាក់ថា នៅស្រុកខ្មែរ មានទីសក្ការបូជាស័ក្តិសិទ្ធិច្រើនកន្លែងណាស់  ដូចជាកាលពីប៉ុន្មានខែមុន លោកបានទៅកន្លែងទីសក្ការគោរពបូជានៅកម្ពុជា តាពេជ្រដំបូកដុះ នៅខេត្តសៀមរាប ដែលបងប្អូនមានជំនឿ ទៅថ្វាយនិងបន់ស្រន់ ជាពិសេសអ្នកមាន អ្នកធ្វើការងារធំៗ ឧស្សាហ៍ទៅបន់ណាស់ ព្រោះជាកន្លែងស័ក្តិសិទ្ធិមួយដែរ។

លោកឧកញ៉ាសម្បត្តិ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា «តាពេជ្រ ដំបូកដុះ ខេត្តសៀមរាប។ កាលខ្ញុំទៅទីនោះ កាលពីប៉ុន្មានខែមុន ប្រហែលៗវេលាគេជេរគ្រូមហាជ័យ អ៊ីចឹងហើយពេលខ្ញុំទៅកន្លែងទីសក្ការៈគោរពបូជានៅខ្មែរយើង កម្របង្ហាញណាស់ ព្រោះខ្មែរ មិនសូវមានអ្នកជឿ ។

បើបងប្អូនដែលមានជំនឿ អញ្ជើញទៅថ្វាយនិងបន់ស្រន់ ព្រោះទីនេះ អ្នកមាន អ្នកធ្វើការងារធំៗ ឧស្សាហ៍ទៅណាស់ ជាកន្លែងបែនបន់ដ៏ស័ក្តិសិទ្ធិមួយដែរ ។ បើអ្នកមិនជឿ កុំជឿ»។

ដោយឡែក សម្រាប់ជនជាតិខ្មែរ អ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក ខ្លះ ដែលមានគំនិតជាតិនិយម នៅពេលឃើញជនរួមជាតិមួយចំនួន ជឿតាមប្រជាជនថៃ និងផ្សព្វផ្សាយ បន់ស្រន់បារមីបងស្រីក្រោមដើមពោធិ៍នោះ បានរិះគន់ថា បារមីវត្ថុស័ក្តិសិទ្ធិនៅកម្ពុជា មានច្រើនមិនខ្វះ តែខ្មែរមួយចំនួន មិនជួយផ្សព្វផ្សាយ បែរជាជួយផ្សព្វផ្សាយឲ្យប្រទេសជិតខាងទៅវិញ។

ជាក់ស្តែង នៅថ្ងៃដដែលនោះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបដើមឈើទាលផុសចេញពីទឹកទន្លេ ដែលបងប្អូនខ្មែរ នាំគ្នាទៅគោរពបូជា​ នៅសាលាឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយសំណេរ «គ្រាន់តែឆ្ងល់!  ដើមឈើទាលមួយដើមនេះ ស័ក្តិសិទ្ធិ មានប្រវត្តិនិង មានអាយុកាលរាប់រយឆ្នាំ ក្នុងប្រទេសកម្ពុជា របស់យើង ហេតុអ្វីក៏មិននាំគ្នាជួយផ្សព្វផ្សាយឲ្យពិភពលោកបានឃើញ បានស្គាល់ បានជិះយន្តហោះមកមើល មកឃើញ មកសិក្សា អ្វីដែលជារបស់ខ្មែរផង? ហេតុអ្វីបែរជាទៅជួយផ្សព្វផ្សាយចែកចាយអ្វីដែលជារបស់ប្រទេសគេទៅវិញ? ខ្មែរយើងមានកន្លែងបារមីស័ក្តិសិទ្ធិ ខ្លាំងពូកែច្រើនណាស់ សូមគិតនិងពិចារណាឡើងវិញផង!!!»។

ចំណែកលោកអ៊ឹម ជីវ៉ា តារាសម្តែង និងជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានបង្ហោះរូបភាពបារមីលោកតាដើមជ្រៃ ដែលស្ថិតក្នុងវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយសំណេរថា «មិនចង់បង្ហាញទេ តែឃើញគេល្បីដើមឈើនៅថៃ ពេក តែថ្ងៃនេះ ខ្ញុំចង់បង្ហាញពីកន្លែងដ៏ស័ក្តិសិទ្ធិមួយវិញម្តង គឺបារមីលោកតាដើមជ្រៃ ដែលស្ថិតក្នុងវត្តអង្គតាម៉ិញ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    លោកតាដើមជ្រៃ នៅវត្តអង្គតាម៉ិញ នេះ គឺជាដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ហើយជាកន្លែងដែលខ្ញុំនិងអ្នកភូមិជិតភូមិឆ្ងាយ តែងតែបន់ស្រន់សុំសេចក្តីសុខ គឺតាំងពីនៅជុំវិញវត្តនេះ សុទ្ធតែវាលស្រែម៉្លេះ ! តែខ្ញុំឆ្ងល់ថា ហេតុអីសត្វកណ្តៀរ បែរជាពូនដំបូកមួយនេះ ជុំវិញព្រះកេសទៅវិញ គឺមិនហ៊ានពូនបិទមុខព្រះឡើយ» ។

លោកអ៊ឹម ជីវ៉ា សរសេរបន្តថា «គំនិតគួរស្វែងយល់ : បើនិយាយពីវត្ថុស័ក្តិសិទ្ធិ និងអប្បិយជំនឿវិញ គឺយើងមិនបាច់ទៅបន់ស្រន់ដល់ប្រទេសណាទេ គឺប្រទេសខ្មែរយើង សម្បូរទីសក្ការបូជាណាស់ ឧទាហរណ៍ បារមីលោកយាយដូនពេញ, បារមីព្រះអង្គដងកើ, បារមីជាច្រើនទៀត ដែលមានតាំងពីរាប់រយពាន់ឆ្នាំ ទុកឲ្យយើងគោរពបូជា ។  ប៉ុន្តែហេតុអីយើងមិនគោរពបូជា និងថែរក្សានូវរបស់ដែលយើងមានស្រាប់ បែរជាផ្អើលឈូឆរនូវរបស់ដែលកែច្នៃទៅវិញ? ទាំងនេះហើយដែលគេអាចពង្វក់យើងបាន ដោយចិត្តសាស្រ្តដ៏ត្រជាក់ ដែលយើងមួយចំនួនជឿភ្លេចខ្លួន រហូតហ៊ានទិញសំបុត្រយន្តហោះ បូកទាំងការស្នាក់នៅ ចំណាយលើរឿងអត់ប្រយោជន៍មួយនេះ ។

ការបាត់បង់អ្វីមួយ មិនមែនមកពីគេយកបានងាយៗឡើយ តែមកពីយើងវាខ្សោយ វាល្ងង់ និងចាញ់ល្បិចគេ គេអាចពង្វក់ផ្លូវចិត្តយើងដែលគេអាចយកបាន បើយើងចេះគិត ឆ្លាត ពូកែមែនមិនមែនគេយកបានឡើយ sic ។

ខាងលើ គ្រាន់តែជាទស្សនៈឆ្កួតលេលាមួយរបស់ខ្ញុំ អ៊ឹម ជីវ៉ា តែប៉ុណ្ណោះ ការជឿលើជំនឿណាមួយ វាជាសិទ្ធិរបស់បុគ្គលរៀងៗខ្លួន»៕ ខៀវទុំ

RELATED ARTICLES